គាត់ត្រូវបានរងការរិះគន់ពីសង្គម និងបណ្តេញចេញពីព្រឹត្តិការណ៍ World Cup ដោយសារតែអត្តចរិកមិនគប្បីរបស់គាត់ ប៉ុន្តែឥឡូវ Suarez នឹងបញ្ចប់សុបិនអាក្រក់រយៈពេល ៦៤០ ថ្ងៃរបស់ខ្លួន ហើយវិលត្រឡប់ទៅប្រទេសប្រេស៊ីលវិញដើម្បីត្រៀមធ្វើការប្រកួតជម្រុះបាល់ទាត់ពិភពលោកឆ្នាំ ២០១៨ ឱ្យក្រុមជ្រើសជាតិអ៊ុយរូហ្គាយ។
បើទោះជាបណ្តាញផ្សព្វផ្សាយក្នុងប្រទេសប្រេស៊ីលព្យាយាមចាក់ផ្សាយឈុត Suarez ខាំខ្សែការពារអ៊ីតាលី Giorgio Chiellini ម្តងហើយម្តងទៀតក្នុងសប្តាហ៍នេះដើម្បីរំលឹកអនុស្សាវរីយ៍របស់គាត់កាលពីពីរឆ្នាំមុនក៏ដោយ ក៏ប៉ុន្តែផ្ទុយមកវិញបណ្តាញផ្សព្វផ្សាយជាតិអ៊ុយរូហ្គាយបានចាក់ផ្សាយវីដេអូខ្លីអំពីការស៊ីប្រឡោះជើងខ្សែការពារប្រេស៊ីល David Luiz ដោយខ្សែប្រយុទ្ធរូហ្គាយរូបនេះនៅក្នុងក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុនទៅវិញ។
គាត់បាននិយាយក្នុងសប្តាហ៍នេះថា "ខ្ញុំបានបង្កើតកំហុសប៉ុន្តែវាធ្វើបាបខ្ញុំខ្លាំងជាងការលួចប្រើថ្នាំហាមឃាត់ទៀត។ អ្នករាល់គ្នាទទួលបានអ្វីដែលពួកគេសមនឹងទទួលបាននៅចុងបញ្ចប់។ អ្នកត្រូវតែក្រឡេកមើល FIFA ឥឡូវវាយ៉ាងម៉េច"។
ការខាំកីឡាករ Chiellini បានកើតឡើងបន្ទាប់ខ្សែប្រយុទ្ធរូបនេះខកខានឱកាសមាសក្នុងការរកគ្រាប់បាល់ដែលអាចធ្វើឱ្យក្រុមជម្រើសជាតិអ៊ុយរូហ្គាយមិនបានឡើងទៅវគ្គបន្ទាប់។
គាត់ក៏ត្រូវបានពិន័យពីបាល់ទាត់ក្លឹបរយៈពេល ៤ ខែនិងបាល់ទាត់ប្រទេសចំនួន ៩ ប្រកួត ដោយសារកាយវិការមិនគប្បីរបស់គាត់ក្នុងនាមជាកីឡាករអាជីពម្នាក់៕
