មន្ត្រីឥណ្ឌូនេស៊ីម្នាក់អះអាងថា ស្ត្រីអាចមានផ្ទៃពោះដោយមិនចាំបាច់រួមសង្វាស ប្រសិនបើបុរសៗបញ្ចេញទឹកកាមក្នុងអាងហែលទឹក

ប្រធានគណៈកម្មាធិការការពារកុមារឥណ្ឌូនេស៊ីបានអះអាងថា ស្ត្រីអាចមានផ្ទៃពោះក្នុងអាងហែលទឹក "សូម្បីគ្មានការរួមភេទ" ប្រសិនបើបុរសដែលមាន "មេជីវិតឈ្មោលខ្លាំង" បញ្ចេញទឹកកាមចូលទៅក្នុងអាងទឹក។

លោកស្រី Sitti Hikmawatty ស្នងការនៅគណៈកម្មាធិការការពារកុមារឥណ្ឌូនេស៊ី (KPAI) បានធ្វើការអះអាងយ៉ាងដូច្នេះនៅក្នុងបទសម្ភាសន៍ជាមួយវេបសាយ Tribun Jakarta កាលពីសប្តាហ៍មុន។

ប៉ុន្តែក្រោយមក លោកស្រី Hikmawatty ដែលមាននាមត្រកូលមានន័យជាភាសាឥណ្ឌូនេស៊ីថា "គតិបណ្ឌិត" បានសុំទោសចំពោះការអត្ថាធិប្បាយដូច្នេះ ដោយនិយាយថា សម្តីនេះគ្រាន់តែនិយាយជាលក្ខណៈផ្ទាល់ខ្លួនទេ បន្ទាប់ពីលោកស្រីរងការសើចចម្អកពេញបណ្តាញសង្គម។

ពួកវេជ្ជបណ្ឌិតនៅប្រទេសឥណ្ឌូនេស៊ីបាននិយាយថា វាមិនអាចទៅរួចទេដែលស្ត្រីមានផ្ទៃពោះតាមវិធីបែបនេះ។

លោកស្រី Hikmawatty បាននិយាយថា "មានប្រភេទមេជីវិតឈ្មោលខ្លាំងក្លាដ៏ពិសេស ដែលអាចបណ្តាលឱ្យមានផ្ទៃពោះនៅក្នុងអាងហែលទឹក។ សូម្បីគ្មានការរួមសង្វាស បុរសក៏អាចមានអារម្មណ៍ផ្លូវភេទ (ពេលឃើញស្ដ្រីនៅក្នុងអាងទឹក) និងបញ្ចេញទឹកកាម ដូច្នេះបណ្តាលឱ្យមានផ្ទៃពោះបាន"។

សមាគមគ្រូពេទ្យឥណ្ឌូនេស៊ីបានប្រាប់កាសែត Jakarta Post ថាស្ត្រីមិនអាចមានផ្ទៃពោះក្នុងអាងហែលទឹកបានទេ។

វេជ្ជបណ្ឌិតឥណ្ឌូនេស៊ីដែលមាន Blog ឈ្មោះថា Blog Dokter បាននិយាយឆ្លើយតបនឹងការអះអាងរបស់លោកស្រី Hikmawatty ថា ជាថ្មីម្តងទៀតខ្ញុំសូមរំលឹកអ្នកថា ប្រសិនបើអ្នកមិនយល់ពីបញ្ហាសុខភាពទេ សុំនៅឱ្យស្ងៀមល្អជាង៕ ប្រភព ៖​ Daily Mail

adverise with khmeread