ឧកញ៉ា ក្មេងដាក់ដំណើរការ​រថយន្ត​ក្រុង​​សាធារណៈ​ដំបូង​គេ ជិះដោយ​ឥត​គិត​ថ្លៃ ពីម៉ាឡៃ-​ប៉ោយប៉ែត

     ភ្នំពេញ៖សម្ពោធជាផ្លូវការ ការដំណើរការ រថយន្ត​ក្រុង​ពី​ម៉ាឡៃ-ប៉ោយប៉ែត ត្រូវ​​បាន​បើក​សម្ពោធ​ហើយ​​នៅថ្ងៃទី ២២ ខែកុម្ភៈ កន្លង​ទៅ​នេះ ក្រោម​អធិបតីភាព ​លោក​ អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយ​មាន​ន័យ​ព្រម​ទាំង​ដៃគូ​ជំនួញ​ជា​ច្រើន​រូប​​​ទៀត។ រថយន្ត​ក្រុង​​​នេះ​ដាក់​​ដំណើរ​ការ​​ជូន​ប្រជាពលរដ្ឋ​ជិះ ១៥​គ្រឿង ​ដោយ​មិន​គិត​ប្រាក់ រយៈ​៣​ខែ ហើយ​​បន្ទាប់​មក​ក្រុម​ហ៊ុន យក​ត្រឹម​តែ​២​ពាន់​រៀល​ប៉ុណ្ណោះ ខណៈ​ប្រជាពលរដ្ឋ​ជិះ​​​ម៉ូតូ​ឌុប ចំណាយយ៉ាងតិច​២ម៉ឺន​​រៀលក្នុង​មនុស្ស​ម្នាក់​។ ​

     ​ក្រុមហ៊ុន “ឆាយណាប៉ោយប៉ែតស៊ែតថឺឡាយ ស៊ីធី” ​មាន​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា ជា​​ម្ចាស់​ភាគ​ហ៊ុន​​​មួយ​កំពុង​តែ​វិនិយោគ​លើ​ទឹក​ដី ខេត្ត​បន្ទាយ​មាន​ជ័យ​នេះ ​​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​​​ក៏​ដូច​ជា អាជ្ញាធរ​បាន​សម្ដែង​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​នៅ ពេល​ខេត្ត​ជាប់​​ព្រំដែន​ថៃ​មួយ​​នេះ មាន​រថយន្ត​ក្រុង ជា​លើក​ដំបូង​គេ ដែលជាការសម្រួលនូវការចំណាយ របស់ប្រជាពលរដ្ឋបានមួយចំនួនធំ។ 

    លោក​ អ៊ុំ រា​ត្រី អភិបាល​​នៃ​គណៈ​អភិបាល​ខេត្ត បន្ទាយមានជ័យ ​​បាន​ថ្លែង​ថា ខ្សែ​រថយន្ត​ក្រុង​សាធារណៈ​ដែល​បាន​​ដាក់​ឲ្យ​ដំណើរ​ការ​នេះ ផ្ដល់​សេវា​ដឹក​ជញ្ជូន​ទៅ​មក​ក្នុង​រយៈ​ចម្ងាយ​៤០​គីឡូម៉ែត្រ រវាង​ស្រុក​ម៉ាឡៃ និង​ក្រុង​ប៉ោយ​ប៉ែត ​​មាន​ចំនួន​១៥​គ្រឿង នឹង​ផ្លាស់​គ្នា​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ក្នុង​រយៈ​ពេល​២០​នាទី​ម្ដង ដោយ​ក្នុង​១គីឡូម៉ែត មាន​ចំណត​​មួយ ។ ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​សាធារណៈ​នេះ ដោយ​ឥត​គិត​ថ្លៃ​​ក្នុង​រយៈ​ពេល​៣​ខែ​ដំបូង។ បន្ទាប់​ពី​នោះ រថយន្ត​ក្រុង​​សាធារណៈ​ទៅ​មក​រវាង​ស្រុក​ម៉ាឡៃ​និង​ក្រុង​ប៉ោយប៉ែត​នេះ នឹង​ចាប់​ផ្ដើម​​គិត​ថ្លៃ​២០០០​រៀល​ ក្នុង​អ្នក​ដំណើរ​ម្នាក់។

លោក​អភិបាល​ខេត្ត​សង្ឃឹម​ថា សេវា​រថយន្ត​ក្រុង​សាធារណៈ​នេះ នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ទូទៅ កាត់​បន្ថយ​ចំណាយ និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​តាម​ដង​ផ្លូវ​នៅ​កម្ពុជា​។ លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​ប្រើ​ប្រាស់​សេវា​រថយន្ត​ក្រុង​នេះ​ទាំង​អស់​គ្នា នៅ​ពេល​​ត្រូវ​ធ្វើ​ដំណើរ​ទៅ​មក​រវាង​ក្រុង​ប៉ោយប៉ែត​ និង​ស្រុក​ម៉ាឡៃ​។

    លោក​​បាន​សម្ដែង​ការ​គាំទ្រ និង​កើត​សរសើរ​ជា​ខ្លាំង​នៅ​ទឹក​ចិត្ត​របស់​ក្រុមហ៊ុន​ ដែល​បាន​ចូល​រួម​ចំណែក​ជួយ​ឲ្យ​មាន​សេវា​រថយន្ត​ក្រុង​បែប​នេះ ប្រជាពលរដ្ឋ​ក៏​ដូច​ជា អាជ្ញាធរ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ។

លោក​លើក​ឡើង​​ទៀត​ថា នៅ​​ស្រុក​ម៉ាឡៃ ដំបូង​ឡើយ​ជា​ទីតាំង​សមរភូមិ​ក្ដៅ​មួយ​ក្នុង​របប​ខ្មែរ​ក្រហម​ដែល​មនុស្ស​មួយ​ចំនួន​ខ្លាច​រហា មិន​ហ៊ាន​មក​ឡើយ ប៉ុន្តែ​បន្ទាប់​ពី​ប្រទេស​មាន​សុខ​សន្តិភាព ទី​នេះ​ក្លាយ​ជា​ទីប្រជុំជន ដែល​ស្ថិត​ក្នុង​​ក្រសែ​ភ្នែក វិនិយោគ​ជា​ច្រើន​ទាំង ជាតិ​នឹង​អន្តរជាតិ។

បច្ចុប្បន្ន​មាន​នៅ​ស្រុក​ម៉ាឡៃ មាន​ក្រុមហ៊ុន​ធំ២ ដែល​កំពុងតែ​សម្រុក​វិនិយោគ​លើ​ទឹក​ដី​មួយ​នេះ ​ទី១​ក្រុមហ៊ុន “ឆាយ​ណា​ប៉ោយ​ប៉ែត​ស៊ែត​ថឺឡាយ ស៊ីធី” ​ របស់​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា​កំពុង​តែ​វិនិយោគ​លើ​ផ្ទៃ​ដី​ជាង​១​ពាន់​ហិតា​នេះ ជា​ទីក្រុង​រណប​ថ្មី​មួយ ​នៃ​ខេត្ត​​​បន្ទាយ​មាន​ជ័យ ​ដែល​ប្រជុំ​ទៅ​ដោយ​​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ខនដូ រីសត ផ្ទះ​ល្វែង វីឡា ​ភោជនីយដ្ឋាន ​ជា​ដើម។ ​ទី២ ក្រុមហ៊ុន​ មជ្ឈិមស្ទាល អ៊ីនធើប្រាយ របស់​លោក ស្រី ណាគ្រី ដែល វិនិយោគ​រោងចក្រ​អគ្គិសនី ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​(សូឡា) រោង​ចក្រ​ទឹក​កក នឹង តំបន់​សេដ្ឋកិច្ច។

    តាម​ការ​បញ្ជាក់​ពី​ក្រុម​ហ៊ុន ជា​មួយ​ការ​រួម​ចំណែក​ជួយ ដល់​ប្រជាពលរដ្ឋ​នេះ​ទី​នេះ ក្រៅ​ពី​​ជួយ​លើ​សេវា​រថយន្ត​ក្រោយ ដោយសារតែ​ទី​នេះ ខ្វះ​ទឹក ក្រុមហ៊ុន​គ្រោង​ជីក​ប្រឡាយ​ទឹក​ជា​ច្រើន​គីឡូ ប៉ែត ដើម្បី​ស្ដុក​ទឹក​ទុក​សម្រាប់​ប្រើប្រាស់ នឹង​បង្កើត​រមណីយដ្ឋាន​ជា​​ច្រើន​ទៀត ជូន​ប្រជាពលរដ្ឋ​ រស់​នៅ​ឲ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល។

    ជា​​មួយ​សេវា​រថយន្ត​ក្រុង​នេះ​ផង​ដែរ លោក​ អ៊ុំ រា​ត្រី ​ បាន​បន្ថែម​ថា ប្រសិន​បើ​ដំណើរការ​នេះ ​ទទួល​បាន​ជោគជ័យ អាជ្ញាធរ​ខេត្ត​នឹង​ពិចារណា​ដាក់​ឲ្យ​ដំណើរការ​រថយន្ត​ក្រុង​សាធារណៈ​ជំហាន​បន្ទាប់​ទៀត រវាង​​ក្រុង​ប៉ោយប៉ែត​​ និង​ក្រុង​សិរីសោភ័ណ​បន្ត​ទៀត៕

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81