ស្ត្រីជប៉ុនម្នាក់ដែលជាសះស្បើយពីវីរុសកូរ៉ូណា ឥឡូវធ្វើតេស្តវិជ្ជមានសាជាថ្មី

ក្រុមមន្រ្តីនៅអាណាខេត្តអូសាកាភាគខាងលិចប្រទេសជប៉ុនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ស្ត្រីអាយុខ្ទង់ ៤០ ឆ្នាំ ដែលត្រូវបានព្យាបាលជាពីវីរុសកូរ៉ូណា និងបានចេញពីមន្ទីរពេទ្យកាលពីដើមខែនេះ បានធ្វើតេស្តវិជ្ជមានម្តងទៀត។ នេះយោងតាមទូរទស្សន៍ NHK ជប៉ុនផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៧កុម្ភៈ។ 

ស្ត្រីរូបនេះគឺជាមគ្គុទេសក៍ទេសចរណ៍ម្នាក់រស់នៅក្នុងទីក្រុងអូសាកា។ នាងបានជិះនៅលើឡានក្រុងដឹកភ្ញៀវទេសចរមកពីទីក្រុងវូហាន ប្រទេសចិន កាលពីពាក់កណ្តាលខែមករា ហើយត្រូវបានធ្វើតេស្តវិជ្ជមាននៅថ្ងៃទី ២៩ ខែមករា។

ស្ត្រីរូបនេះបានចាកចេញពីមន្ទីរពេទ្យមួយក្នុងទីក្រុងអូសាកាកាលពីថ្ងៃទី ១ ខែកុម្ភៈ ហើយត្រូវបានបញ្ជាក់ថាគ្មានមេរោគនៅថ្ងៃទី ៦ ខែកុម្ភៈ។

ប៉ុន្តែនៅថ្ងៃទី ១៩ ខែកុម្ភៈនាងមានអារម្មណ៍ឈឺបំពង់កនិងឈឺទ្រូង។ បន្ទាប់ពីបានទៅជួបគ្រូពេទ្យជាច្រើនដងរួចមក នាងត្រូវបានធ្វើតេស្តនៅមួយសប្តាហ៍ក្រោយ និងតេស្តវិជ្ជមានម្តងទៀត។

យោងតាមរបាយការណ៍ NHK បានឱ្យដឹងថា ស្ត្រីនោះពាក់ម៉ាស់និងស្នាក់នៅក្នុងផ្ទះ បន្ទាប់ពីចាកចេញពីមន្ទីរពេទ្យ។

នាងមិនបានទៅធ្វើការទេហើយក៏មិនបានប៉ះពាល់ជាមួយនរណាម្នាក់ដែរ។ ឥឡូវនាងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យអូសាកា។

មន្រ្តីនៅអាណាខេត្តអូសាកាជឿថា វីរុស ដែលនៅសេសសល់ក្នុងខ្លួននាងអាចកើនឡើងទ្វេដង ឬមិនអ៊ីចឹង នាងអាចនឹងឆ្លងពីគេម្តងទៀត។

អ្នកជំនាញផ្នែកជំងឺឆ្លងនៅសាកលវិទ្យាល័យអូសាកានិយាយថា អ្នកដែលឆ្លងវីរុសបង្កើតអង្គបដិប្រាណ ដូច្នេះជាធម្មតាពួកគេអាចចៀសវាងការឆ្លងឡើងវិញដោយវីរុសដដែល។

ទោះយ៉ាងណាក៏ដោយប្រសិនបើមិនមានអង្គបដិប្រាណគ្រប់គ្រាន់ទេ នោះបុគ្គលនោះអាចងាយនឹងឆ្លងឡើងវិញ ឬវីរុសដែលមិនអាចរកឃើញក្នុងខ្លួន អាចនឹងកើនឡើងច្រើនជាងមុន៕

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81