ស្លាប់ ២៦ នាក់ហើយនៅអ៊ីរ៉ង់ដោយសារវីរុសកូរ៉ូណា ខណៈមន្ត្រីជាន់ខ្ពស់ពីរនាក់ឆ្លងវីរុសមរណានេះ

អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៧កុម្ភៈថា ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាបានកើនឡើងដល់ ២៦ នាក់ ដែលជាចំនួនខ្ពស់បំផុតនៅខាងក្រៅប្រទេសចិន ហើយអ្នកឆ្លងសរុបនៅពេលនេះមានចំនួន ២៤៥ នាក់រួមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនផង។

ទូរទស្សន៍រដ្ឋបានរាយការណ៍ថា ការផ្ទុះឡើងនៃមេរោគនេះបានជំរុញឱ្យអាជ្ញាធរលុបចោលការថ្វាយបង្គំព្រះរាល់ថ្ងៃសុក្រនៅតាមទីប្រជុំជនចំនួន ២៣ នៃខេត្តចំនួន ៣១ របស់អ៊ីរ៉ង់ រួមមានទាំងទីក្រុងតេហេរ៉ង់និងទីក្រុង Qom និង Mashhad ដែលជាតំបន់ទីសក្ការៈបូជាអ៊ីស្លាមនិកាយស៊ីអ៊ីត ព្រមទាំងតំបន់ឆ្លងមួយចំនួនទៀត។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បាននិយាយថា អ៊ីរ៉ង់បានហាមឃាត់ពលរដ្ឋចិនមិនឱ្យចូលប្រទេសទេ។

មន្ត្រីដែលឆ្លងមេរោគនេះគឺមានលោកស្រី Masoumeh Ebtekar អនុប្រធានផ្នែកកិច្ចការស្ត្រីនិងគ្រួសារ និង អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Iraj Harirchi។ ករណីរបស់លោកស្រី Ebtekar ត្រូវគេនិយាយថាស្រាលទេ ហើយលោកស្រីមិនត្រូវបានបញ្ជូនចូលមន្ទីរពេទ្យទេ។

អ្នកនាំពាក្យក្រសួងសុខាភិបាលលោក Kianush Jahanpur បានប្រាប់ទូរទស្សន៍រដ្ឋថា "ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ យើងមានករណី ១០៦ (ថ្មី) ដែលបានបញ្ជាក់ ... ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៦ នាក់ហើយ"។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Saeed Namaki បានប្រាប់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា អ៊ីរ៉ង់ក៏បានដាក់ចេញការរឹតត្បិតមួយចំនួនលើការចូលទៅកាន់ទីក្រុង ទីក្រុង Qom និង Mashhad ផងដែរ។ លោកបាននិយាយថា "ការប្រមូលផ្តុំមិនត្រូវបានអនុញ្ញាតនៅខាងក្នុងទីសក្ការៈបូជាទេ"។

អាជ្ញាធរអ៊ីរ៉ង់បាននិយាយថាមនុស្សរាប់រយនាក់ដំបូងសង្ស័យថាមានវីរុសកូរ៉ូណាបានធ្វើតេស្តអវិជ្ជមាន ហើយត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យហើយ។

អាជ្ញាធររួមទាំងប្រធានាធិបតី Hassan Rouhani បាននិយាយកាលពីថ្ងៃពុធថា អ៊ីរ៉ង់គ្មានផែនការដើម្បីដាក់ទីក្រុងឬស្រុកណាមួយដាច់ដោយឡែកទេ បើទោះបីជាចំនួនអ្នកឆ្លងកើនឡើងខ្លាំងក្នុងរយៈពេលដ៏ខ្លីក៏ដោយ។

រដ្ឋាភិបាលបានបន្លាយពេលបិទសាកលវិទ្យាល័យនិងរោងកុននិងការហាមឃាត់ជាបណ្តោះអាសន្នលើព្រឹត្តិការណ៍វប្បធម៌កីឡានិងសន្និសីទសម្រាប់រយៈពេលមួយសប្តាហ៍ទៀត៕ 

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81