អប្បិយជំនឿចិនពិតឆុតមែន? ប្រធានាធិបតីចិនធ្លាប់ក្រើនរំលឹកមន្ត្រីឱ្យប្រយ័ត្នឆ្នាំស៊យបញ្ចប់ដោយលេខ "៩" កាលពីខែមករាឆ្នាំ ២០១៩ ព្រោះជាឆ្នាំក្ងានខ្មៅនិងរមាសប្រផេះ នាំមកនូវគ្រោះធំដល់ចិន

នៅក្នុងប្រទេសចិនដែលជឿស៊ុបលើអប្បិយជំនឿ និងជាកន្លែងដែលជឿថា លេខ ៤ ជាលេខស៊យ ប៉ុន្តែលេខ ៨ ជាលេខហេងនោះ ពួកអ្នកនិយមលេងអ៊ីនធឺណេតបាននាំគ្នាយកចិត្តទុកខ្លាំងលើសារៈសំខាន់នៃឆ្នាំ ២០១៩។ នេះយោងតាមកាសែត Nikkei របស់ជប៉ុនសរសេរតាំងពី ៣១ ខែមករា ឆ្នាំ ២០១៩។ 

ពួកគេបានត្រៀមខ្លួនសម្រាប់ភាពច្របូកច្របល់ ១២ ខែ ព្រោះបើតាមប្រវត្តិសាស្រ្តចង្អុលបង្ហាញថា ចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិនក្នុងឆ្នាំ ១៩៤៩ មកប្រទេសនេះតែងតែជួបប្រទះនូវគ្រោះកាចធំៗ នៅឆ្នាំណាដែលបញ្ចប់ដោយលេខ ៩។ ហេតុការណ៍ភាគច្រើនបានជាប់ទាក់ទងនឹងភាពវឹកវរដ៏ហិង្សា។

ខាងក្រោមនេះគឺជាឆ្នាំ ដែលបញ្ចប់ដោយលេខ ៩ ដែលចិនថាជាលេខចង្រៃបំផុត ៖ 

* ១៩៤៩ ៖ សាធារណរដ្ឋប្រជាមានិតចិនត្រូវបានបង្កើតឡើង។ (ខែតុលា)
* ១៩៥៩ ៖ សង្ឃដាឡៃឡាម៉ាទី ១៤ ត្រូវបង្ខំចិត្តនិរទេសខ្លួនទៅឥណ្ឌា។ (ខែមីនា)
* ១៩៦៩ ៖ ការប៉ះទង្គិចយោធាទ្រង់ទ្រាយធំកើតឡើងរវាងចិននិងសហភាពសូវៀតនៅលើកោះ Zhenbao ឬហៅថាកោះ Damansky។ (មីនា)
* ១៩៧៩ សង្គ្រាមផ្ទុះឡើងរវាងចិននិងវៀតណាម។ (កុម្ភៈ)
* ១៩៨៩ ៖ ច្បាប់អាជ្ញាសឹកត្រូវបានដាក់ចេញនៅទីរួមខេត្តឡាសានៃតំបន់ទីបេត៍ បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយហិង្សា។ (មីនា)
* ១៩៨៩ ៖ ច្បាប់អាជ្ញាសឹកត្រូវបានដាក់ចេញនៅទីក្រុងប៉េកាំង ខណៈនិស្សិតធ្វើបាតុកម្មទ្រង់ទ្រាយធំក្នុងខែឧសភា។ នៅខែបន្ទាប់ យោធាបានបង្ក្រាបបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីលានធៀនអានមេន និង មនុស្សជាច្រើនត្រូវសម្លាប់។  
* ១៩៩៩ ៖ សាវ័កនៃចលនាសាសនាហ្វាលូនកុង (Falun Gong) បានឡោមព័ទ្ធជុំវិញបរិវេណថ្នាក់ដឹកនាំនៅសង្កាត់ចុងណានហៃនៃទីក្រុងប៉េកាំង។ (មេសា) នៅខែបន្ទាប់មានការធ្វើបាតុកម្មទ្រង់ទ្រាយធំប្រឆាំងនឹងអាមេរិកនៅក្នុងទីក្រុងប៉េកាំង ដើម្បីតវ៉ាចំពោះការទម្លាក់គ្រាប់បែកខុសបច្ចេកទេសពីសំណាក់អាមេរិកចំស្ថានទូតចិននៅទីក្រុងបែលក្រាដ។
* ២០០៩ ៖ កុបកម្មបានផ្ទុះឡើងនៅក្នុងតំបន់ស្វយ័ត Uighur នៃខេត្តស៊ីនជាំង បណ្តាលឱ្យមនុស្សស្លាប់ជាច្រើននាក់។ (កក្កដា)
* ២០១៩ ៖ រដ្ឋអាជ្ញាអាមេរិកបានចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិជ្ជា Huawei ក្រុមហ៊ុនពាក់ព័ន្ធនានា និងប្រធានផ្នែកហិរញ្ញវត្ថុរបស់ខ្លួនគឺលោកស្រី Meng Wanzhou។ (មករា)
* ២០១៩ ៖ វីរុសកូរ៉ូណា (Covid-19) ផ្ទុះឡើងនៅទីក្រុងវូហាន បណ្តាលឱ្យឆ្លងទៅមនុស្សរាប់ម៉ឺននាក់ និងស្លាប់ជិត ៣.០០០ នាក់ ហើយរាលដាលដល់ប្រទេសជាង ៥០ លើពិភពលោក។ (ធ្នូ)

ប៉ុនហ្នឹងនៅមិនទាន់គ្រប់គ្រាន់ទេ អ្នកលេងអ៊ីនធឺណេតបានលើកឡើងទៀតថា ភាគច្រើននៃឧបទ្ទវហេតុអកុសលទាំងអស់នោះរមែងកើតឡើងនៅឆមាសទីមួយនៃឆ្នាំ ដែលបញ្ចប់ដោយលេង ៩។ 

នៅពេលប្រធានាធិបតីចិនស៊ីជីនពីងកោះប្រជុំពួកមេដឹកនាំថ្នាក់កណ្តាលក៏ដូចជាមន្រ្តីជាន់ខ្ពស់មកពីទូទាំងប្រទេសនៅថ្ងៃទី ២១ ខែមករាឆ្នាំ២០១៩ និង ថ្លែងសុន្ទរកថាចម្លែកខុសពីធម្មតា ដែលសង្កត់ធ្ងន់លើហានិភ័យដែលប្រទេសចិននឹងប្រឈម ប្រជាជនមានការងឿងឆ្ងល់ជាខ្លាំងថាតើការកោះប្រជុំបន្ទាន់នោះត្រូវបានផ្សារភ្ជាប់ទៅនឹងឆ្នាំស៊យលេខ ៩ ដែរឬយ៉ាងណា។

នៅក្នុងសុន្ទរកថា លោកស៊ីបាននិយាយអំពីសត្វពីរ ដែលតំណាងឱ្យហានិភ័យ ដែលប្រទេសចិនត្រូវត្រៀមការពារខ្លួន គឺ សត្វក្ងានខ្មៅ និង សត្វរមាសប្រផេះ។

នៅក្នុងភាសាទីផ្សារហិរញ្ញវត្ថុ ក្ងានខ្មៅសំដៅទៅលើព្រឹត្តិការណ៍ធ្ងន់ធ្ងរមិនអាចមើលឃើញទុកជាមុនបាន។ ពាក្យ "ក្ងានខ្មៅ" ត្រូវបានបង្កើតឡើងនៅចុងសតវត្សរ៍ទី ១៧ នៅពេលសត្វក្ងានខ្មៅត្រូវបានគេរកឃើញនៅក្នុងប្រទេសអូស្ត្រាលី ដោយធ្វើឱ្យជនជាតិលោកខាងលិចភ្ញាក់ផ្អើល ព្រោះមិនជឿថា សត្វប្រភេទនេះកើតមានលើពិភពលោកនោះឡើយ។

សត្វរមាសប្រផេះគឺសំដៅទៅលើហានិភ័យដែលអាចកើតមានឡើងជាក់ស្តែង ប៉ុន្តែគេមិនអើពើ។ វាជារឿងធម្មតាទេ ដែលសត្វរមាសមានពណ៌ប្រផេះ។ ដរាបណាសត្វរមាសទន់ភ្លន់ គ្មានហេតុផលណាត្រូវព្រួយបារម្ភទេ។ ប៉ុន្តែនៅពេលដែលសត្វដ៏ធំនេះកម្រោលចូល គ្មាននរណាម្នាក់អាចគ្រប់គ្រងវាបាននោះឡើយ។

លោកស៊ីបានផ្ញើសារទៅប្រទេសចិនទាំងមូលថា កម្មាភិបាលបក្សត្រូវតែ "តស៊ូ" ដើម្បីបញ្ចៀសហានិភ័យនានា ដែលគំរាមកំហែងដល់ស្ថិរភាពសង្គម ដោយគាត់បានលើកឡើងនៅគ្រានោះថា ទាំងអស់នេះជាហានិភ័យចំពោះរបបដឹកនាំរបស់បក្សកុម្មុយនិស្ត ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតថាតើហានិភ័យទាំងនោះជាអ្វីនោះឡើយ៕ ប្រភព ៖ asia.nikkei.com

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16