adverise with khmeread Unnamed %281%29

សម្តែង​សិល្បៈ​ក្រោម​ប្រធានបទ​«​ស្នាដៃ​និង​អនាគត​លើក​ទី​០៤»២​ថ្ងៃ​នៅ​សាលចតុមុខ

       ភ្នំពេញ ៖ ក្រុមការងារ​រីកសាយ (Reek Sai) សហការ​ជាមួយនឹង​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ (CAMBODIA LIVING ARTS)​ដោយ មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ក្រសួង​វប្ប ធម៌ និង វិចិត្រសិល្បៈ នឹង​រៀបចំ​ព្រឹត្តិការណ៍​សិល្បៈ​ដ៏​ធំ​មួយ​គឺ​«​ស្នាដៃ​និង​អនាគត លើក​ទី ០៤» ឆ្នាំ​២០១៦ រយៈពេល​ពីរ​ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃទី ២៦ ដល់​ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៦ ខាងមុខនេះ​នៅ​សាល​មហោស្រព​ចតុមុខ​។ 

      ព្រឹត្តិការណ៍​សិល្បៈ​ដ៏​ធំ​ប្រចាំឆ្នាំ «​ស្នាដៃ​និង​អនាគត​លើក​ទី​០៤»​មិន​ខុសពី​ឆ្នាំមុនៗ​ដែរ​នឹង​ពាំ​នាំយក​នូវ​ទស្សនីយភាព សិល្បៈ​បុរាណ​ខ្មែរ ដែល​នឹង​សម្តែង​ដោយ សិល្បករ​ខ្មែរ​ជំនាន់​ក្រោយ ដែលមាន​ទេពកោសល្យ​របស់​ក្រុមនិស្សិត​នៃ​សាកលវិទ្យាល័យ ភូមិន្ទ​វិចិត្រសិល្បៈ ក៏ដូចជា​ក្រុម​សិល្បៈ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​។ 

      គោលបំណង ក៏ដូចជា​ចក្ខុវិស័យ​នៃ​ការ​ផ្តូ​ច​ផ្តើមគំនិត​រៀបចំ​នូវ​ព្រឹត្តិការណ៍​«​ស្នាដៃ​និង​អនាគត​លើក​ទី​០៤» ឆ្នាំ ២០១៦ គឺ​លើកកម្ពស់​និង​លើកស្ទួយ​ទម្រង់​ប្រភេទ​សិល្បៈ​បុរាណ​ខ្មែរ​មួយចំនួន​ដែល​ស្ទើរតែ​ពុំ​សូវ​មាន​អ្នក​ស្គាល់​ក៏ដូចជា​បាត់បង់​ប្រជាប្រិយភាព ឲ្យ​រស់រាន​ឡើងវិញ​។ 

      ទន្ទឹមនេះ ព្រឹត្តិការណ៍​សិល្បៈ​ប្រចាំឆ្នាំ​មួយ​នេះ​ក៏​នឹងចូលរួម​ចំណែក​ក្នុង​ការកសាង​កិត្យានុភាព​នៃ​សិល្បៈ បុរាណ​ខ្មែរ ឲ្យ​កាន់តែ​មានកេរ្តិ៍ឈ្មោះ​សុះសាយ​បន្ថែម ទាំង​នៅក្នុង​ស្រុក និង នៅ​ឆាក​អន្តរជាតិ​។ លើសពីនេះទៅទៀត ក្រៅពី​សម្តែង​របាំ​សិល្បៈ​បុរាណ​ខ្មែរ កម្មវិធី​របស់​យើង​ក៏មាន​ការតាំង​ពិរ​ព័រ​ណ៏​បង្ហាញ​នូវ​ផលិតផល​ខ្មែរ ការលេង​ល្បែង​ប្រជា ប្រិយ​ខ្មែរ ទស្សនាការ​ប្រគុំ​តន្ត្រី​ដែលជា​ស្នាដៃ​កូន​ខ្មែរ និង មានការ​ប្រកួតប្រជែង​កម្មវិធី​សិល្បៈ​ផ្សេងទៀត ចាប់ពី​ថ្ងៃទី ២៦ ដល់ ថ្ងៃទី ២៧ ខែមីនា​។ 

      សូម​ជម្រាបជូន​ថា ក្រុមការងារ​រីកសាយ​រួមសហការ​ណ៍​នឹង​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ធ្លាប់​បានរៀបចំ​ព្រឹត្តិការណ៍​សិល្បៈ បុរាណ​ខ្មែរ​នេះ ចំនួន​បី​ដង​រួចមកហើយ និង ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទន ដោយ​ក្នុង​មួយ​លើកៗ មាន​អ្នកចូលរួម​មិនតិចជាង ១ ម៉ឺន​នាក់​។  
  
      ដូច្នេះហើយ សម្រាប់​ព្រឹត្តិការណ៍​«​ស្នាដៃ​និង​អនាគត​លើក​ទី​០៤» ឆ្នាំ ២០១៦ នេះ ក្រុមការងារ​របស់​យើងខ្ញុំ​សង្ឃឹម​យ៉ាង មុតមាំ​ថា នឹងមាន​ចូលរួម​ទស្សនា​កាន់តែច្រើន​បន្ថែម​ទៀត​ដើម្បី​ជួយ​គាំទ្រ វិស័យ​សិល្បៈ​បុរាណ​ខ្មែរ ក៏ដូចជា គាំទ្រ​ចំពោះ​សិល្បៈករ ខ្មែរ​ជំនាន់​ក្រោយ​ផងដែរ​៕​

adverise with khmeread

មតិយោបល់