adverise with khmeread 5 types of people

មនុស្ស ៥ ប្រភេទដែលអ្នកមិនចង់បាននៅក្នុងក្រុមការងាររបស់អ្នក

    ​នៅពេល​រៀបចំ​ក្រុមការងារ​មួយ​ដើម្បី​បំពេញ​កិច្ចការ​មួយ​ឲ្យ​បានសម្រេច វា​ពិតជា​សំខាន់​ណាស់​ដែល​ត្រូវ​ដឹង​ពី​បុគ្គលិកលក្ខណៈ​របស់​បុគ្គ​ល​នីមួយៗ​ក្នុង​បំណង​ធានា​ឲ្យ​បាន​ថា​ភាពជោគជ័យ​កើតចេញពី​ការងារ​ជា​ក្រុម​នោះ​។ ខណៈដែល​រឿងនេះ​ស្តាប់ទៅ​ហាក់បីដូចជា​កិច្ចការ​មួយ​ងាយស្រួល​បំផុត​នោះ តាមពិតទៅ​វា​មិន​ងាយស្រួល​ដូច​ការគិត​នោះឡើយ​។ បុគ្គល​ដែល​ចូលចិត្ត​ចំអក​ឡកឡាយ​ដាក់គ្នា​ទៅវិញទៅមក​មិន​សម​នឹង​ធ្វើជា​សមាជិក​ក្រុម​ដ៏​ល្អ​នោះទេ​។ ក្នុងនាម​ជា​និយោជក​មួយរូប អ្នក​ត្រូវធ្វើ​ឲ្យ​ប្រាកដថា​គ្មាន​បុគ្គលិក​រូប​ណា​ស្ថិត​ក្នុងចំណោម​មនុស្ស​ប្រភេទ​ដូចខាងក្រោម​នេះ​ទេ​៖

​    ​១- មនុស្ស​ដែល​ចូលចិត្ត​និយាយ​យល់ព្រម​ជានិច្ច​
​    ​ចូរ​គិត​ទៅដល់​កាលពី​រៀន​នៅ​សាលា តើ​មាន​ចាំ​ទេ​ថា​សិស្ស​មួយណា​ដែល​ចូលចិត្ត​រំឭក​គ្រូ​ឲ្យ​ដាក់​កិច្ចការ​ផ្ទះ​ឲ្យ​ធ្វើ ប្រសិនបើ​គ្រូ​ភ្លេច​នោះ​? ពេល​គាត់​ធំ​ឡើង​គឺ​បាន​ក្លាយជា​មនុស្ស​ដែល​ចូលចិត្ត​និយាយ​ស្រប​ឬ​យល់ព្រម​ជានិច្ច​។ ឥឡូវ រូបគេ​បាន​ចំណាយពេល​នៅ​កន្លែងធ្វើការ​យល់ព្រម​គ្រ​ប់​អ្វីៗ​ទាំងអស់ ដែល​ចៅហ្វាយ​និយាយ ដោយ​មិន​ខ្វល់​អ្វី​ទាំងអស់​។  

​    ​រូបគេ​នឹងមិន​ចេះ​រិះគន់​គំនិតអាក្រក់​ដែល​កើតចេញពី​មនុស្ស​ដែល​ស្ថិតក្នុង​តួនាទី​មួយ ដែល​អាច​ផ្តល់​ការដំឡើង​តំណែង​ដល់​ខ្លួន​នោះទេ ហើយ​រូបគេ​នឹង​ធ្វើតាម​គំនិតអាក្រក់​នោះ​លុះ​ក្ស័យ​។ ជា​ញឹកញាប់ គ្រប់​ចៅហ្វាយ​ទាំងអស់​នឹង​ពឹង​ផ្អែកលើ​ពួកគេ​ក្នុង​ទំនាក់ទំនង​មិត្តភាព​ការងារ​។  ដោយសារតែ​មនុស្ស​ដែល​ចូលចិត្ត​និយាយ​យល់ព្រម​តែង​អ៊ឺ​អើ​ជាមួយនឹង​គំនិត​របស់​ចៅហ្វាយនាយ អ៊ីចឹង​ចៅហ្វាយ​រូបនោះ​នឹង​យកគំនិត​របស់គាត់​ទៅ​ប្រើប្រាស់ ខណៈ​អ្នក​ផ្សេងទៀត​ដែលមាន​គំនិត​ជំទាស់​ចង់​ចែករំលែក​ដែរនោះ​និយាយ​មិន​ឈ្នះ​បុគ្គល​ប្រភេទ​នេះ​ទេ​។ 

​    ​ហើយ​អ្វីដែល​រឹតតែ​អាក្រក់​បំផុត​នោះ​គឺថា មនុស្ស​ប្រភេទ​នេះ​មិនដែល​ចេះ​រក​នឹកឃើញ​គំនិត​ផ្ទាល់ខ្លួន​នោះទេ​។ រូបគេ​ពឹងផ្អែក​តែ​លើ​សមត្ថភាព​អែបអប​របស់ខ្លួន​ដើម្បី​រក្សា​តំណែង​របស់ខ្លួន​នៅក្នុង​ក្រុម​ប៉ុណ្ណោះ​។ 

​    ​២- មនុស្ស​ដែល​ចូលចិត្ត​និយាយ​ជំទាស់​គេ​រហូត​
​    ​មនុស្ស​ដែល​ផ្ទុយ​នឹង​ប្រភេទ​មនុស្ស​ដែល​ចូលចិត្ត​និយាយ​យល់ព្រម​ជានិច្ច​គឺ​មនុស្ស​ដែល​ចូលចិត្ត​និយាយ​ជំទាស់​គេ​រហូត​។ ខណៈដែល​មនុស្ស​ដែល​ចូលចិត្ត​និយាយ​យល់ព្រម​គឺជា​អ្នក​ដែល​រុញ​គំនិតអាក្រក់ៗ​ឲ្យ​ចេញមកក្រៅ​នោះ មនុស្ស​ដែល​ចូលចិត្ត​និយាយ​ជំទាស់​គេ​តែង​រាំងខ្ទប់​គំនិតល្អៗ​មិន​ឲ្យ​ចេញមកក្រៅ​នោះឡើយ​។ ពួកគេ​តែង​បាញ់​មតិយោបល់​របស់គេ​គ្រប់ៗ​គ្នា​ជាមួយនឹង​ការនិយាយ​បង្អាក់​ទឹកចិត្ត​ដូចជា "​វា​មិនអាច​រួច​ទេ​" ឬ "​តើ​អ្នក​រំពឹងថា​វា​នឹង​កើតឡើង​ដូចម្តេច​?"​។ 

​    ​មនុស្ស​ប្រភេទ​នេះ​ហាក់​ពុំបាន​បម្រើ​ដល់​គោលបំណង​ចំពោះ​ក្រុមការងារ​ក្រៅតែពី​នាំ​ឲ្យ​គ្រប់គ្នា​បាក់​ទឹកចិត្ត​នោះឡើយ​។ ពួកគេ​អាច​នឹង​គិតថា​ពួកគេ​ពួកគេ​គឺជា​មនុ​ស្សមាន​ហេតុផល តែ​តាមពិតទៅ​ពួកគេ​គឺជា​មនុស្ស​ទុទិដ្ឋិនិយម​បំផុត​។ 

​    ​នៅពេល​អ្នកធ្វើការ​ជា​ក្រុម វា​ជា​ការល្អ​បំផុត​ដែល​ត្រូវ​ចាប់ផ្តើម​ជាមួយនឹង​គំនិត​សុទិដ្ឋិនិយម តែ​បែរ​ជាមាន​មនុស្ស​ដែល​សម្បូរ​មន្ទិល​តាម​មកជា​មួយ​រហូត​។ រឿង​មួយ​ដែល​មនុស្ស​ប្រភេទ​នេះ និង​មនុស្ស​ដែល​ចូលចិត្ត​និយាយ​យល់ព្រម​មាន​ដូចគ្នា​គឺថា​ពួកគេ​គ្មាន​គំនិត​អ្វី​ផ្ទាល់ខ្លួន​នោះទេ​។  

​    ​៣- មនុស្ស​ដែល​ធ្វើជា​ចេះ​គ្រប់​អ្វីៗ​ទាំងអស់​
​    ​នៅ​ជ្រុង​មួយទៀត​ដែល​ផ្ទុយស្រឡះ​ពី​ប្រភេទ​មនុស្ស​ទាំងពីរ​ខាងលើ​គឺ​ប្រភេទ​មនុស្ស​ដែល​ធ្វើជា​ចេះ​គ្រប់​អ្វីៗ​ទាំងអស់​។ មនុស្ស​ប្រភេទ​នេះ​ចំណាយពេល​ច្រើន​ហួសហេតុ​ដើម្បី​បញ្ចេញ​គំនិត​របស់ខ្លួន ព្រោះ​រូបគេ​គិតថា​ខ្លួនគេ​តែងតែ​ត្រូវ​ជានិច្ច​។ 

​    ​មនុស្ស​ប្រភេទ​នេះ​មិន​ត្រឹមតែ​ក្រអឺតក្រទម និង​គឃ្លើន​ប៉ុណ្ណោះ​ទេ តែ​រូបគេ​ថែមទាំង​ធ្វើ​ឲ្យ​គ្រប់គ្នា​បាក់​ទឹកចិត្ត​ផងដែរ​។ គួរ​ឲ្យ​ស្តាយ ការ​នេះ​នឹង​បង្ខំ​ឲ្យ​សមាជិក​ក្រុម​ភាគច្រើន​បិទមាត់​ខ្លួនឯង​យ៉ាង​ជិត ទោះបីជា​ពួកគេ​មាន​អ្វីដែល​ពួកគេ​ជឿថា​ជា​គំនិតល្អ​ក៏​មិន​ហ៊ាន​បញ្ចេញ​ដែរ​។ 

​    ​ដូច​មនុស្ស​គ្រប់គ្នា​ទាំងឡាយ​ដែរ មនុស្ស​ប្រភេទ​នេះ​ឧស្សាហ៍​ធ្វើ​ឲ្យ​មាន​កំហុស​ណាស់ ប៉ុន្តែ​ដោយសារ​រូបគេ​មើលឃើញ​ខ្លួនឯង​ជា​មនុស្ស​ឥតខ្ចោះ ដូច្នេះ​រូបគេ​មិនបាន​ដឹង​ពី​កំហុស​ទាំង​នោះទេ ហើយ​ហេតុដូចនេះ​រូបគេ​មិនដែល​ចេះ​រអែងចិត្ត​នរណា​ទាំងអស់​។ 

​    ​៤- មនុស្ស​ដែល​មិនចេះ​បត់បែន​
​    ​សមាជិក​ក្រុម ដែល​មិនចេះ​បត់បែន​គឺជា​អ្វីមួយ​ដែល​នឹង​កើតឡើង នៅពេល​មនុស្ស​ដែល​ចូលចិត្ត​និយាយ​ជំទាស់​គេ​បង្ហាញ​ពី​ភាព​ស្កប់ស្កល់​លែង​ចង់​ជំទាស់​តទៅទៀត​។ មនុស្ស​ប្រភេទ​នេះ​មិន​មើលឃើញ​មានការ​លូតលាស់​ណាមួយ​អាច​កើតឡើង​បាន​នោះទេ ហើយ​មិន​ចង់​ឲ្យ​ការងារ​រីកចម្រើន​ទៅមុខ​នោះដែរ​។ 

​    ​មិន​ត្រឹមតែ​ប៉ុន​ហ្នឹង​ទេ មនុស្ស​ប្រភេទ​នេះ​ថែមទាំង​ពុំ​មើលឃើញ​សក្តានុពល​លូតលាស់​ក្នុងចំណោម​មិត្ត​រួម​ក្រុម​ទៀត​។ នេះ​គឺជា​ប្រភេទ​មនុស្ស​ដែល​មិនចេះ​ឈឺឆ្អាល​អ្វី​ទាំងអស់ ហើយ​តែង​និយាយថា "​ស្អី​ក៏​ស្អី​ទៅ​" ដោយ​មិនបាន​ពិនិត្យ​មើលថា​តើ​ហេតុអ្វី​បានជា​រឿង​ទាំងអស់នោះ​ក្លាយជា​បែប​ហ្នុ៎​ង និង​ពុំបាន​រក​នឹក​វិធី​ដោះស្រាយ​បញ្ហា​ដែល​ក្រុម​កំពុង​ប្រឈម​នោះទេ​។   

​    ​ប្រសិនបើ​នរណាម្នាក់​នៅក្នុង​ក្រុម​ប្រព្រឹត្ត​ដូច​មនុស្ស​បែបនេះ នោះ​ក្រុមហ៊ុន​នឹងមិន​លូតលាស់​ទៅមុខ​បានឡើយ​។ 

​    ​៥- មនុស្ស​ដែល​ពូកែ​និយាយ​ការពារ​ខ្លួន​រហូត​
​    ​សមាជិក​ដែល​ពូកែ​និយាយ​ការពារ​ខ្លួន​តែងតែ​ធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​ការពារ​ខ្លួនគេ​គ្រប់ពេល​។ ពួកគេ​នឹង​ប្រកាន់​សូម្បី​ការរិះគន់​ស្ថាបនា ហើយ​យក​ការរិះគន់​នោះមក​វាយបក​ជា​លក្ខណៈ​បុគ្គល ដោយ​គិតថា​គ្រប់គ្នា​ក្នុង​ក្រុម​ព្រួត​គ្នា​ធ្វើបាប​ខ្លួន​។ ខណៈដែល​រូបគេ​អាច​ប្រើប្រាស់​ការរិះគន់​ស្ថាបនា​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយជា​អ្នកមាន​វិជ្ជាជីវៈ​ពិតប្រាកដ​នោះ មនុស្ស​ប្រភេទ​នេះ​តែងតែ​បិទ​ត្រចៀក​លែង​ខ្ចី​ស្តាប់​នៅពេល​មានការ​រិះគន់ និង​តែងតែ​រក​វិធី​វាយប្រហារ​លើ​អ្នក​ទាំងនោះ​វិញ​។ 

​    ​ដោយសារតែ​រឿងនេះ មនុស្ស​ប្រភេទ​នេះ​តែង​អង្គុយ​បែរខ្នង និង​មិន​និយាយ​អ្វី​ទាំងអស់ ដោយ​ធ្វើ​ឲ្យ​ខ្លួនគេ​ឥតមាន​ប្រយោជន៍​អ្វី​ទាំងអស់​នៅក្នុង​ក្រុម​ទាំងមូល​។ 

​    ​គ្មាន​នរណា​អាច​ចៀស​ផុតពី​ប្រភេទ​មនុស្ស​ដូចខាងលើ​ទេ ប៉ុន្តែ​មេដឹកនាំ​អស្ចារ្យ​ដឹង​ពី​របៀប​គ្រប់គ្រង​កត្តា​អវិជ្ជមាន​របស់​បុគ្គលិក​របស់ខ្លួន និង​ជួយ​ធ្វើ​ឲ្យ​ពួកគេ​ល្អប្រសើរ​ឡើងវិញ​តាម​វិធី​មួយចំនួន​។ ការអភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ និង​ការកសាង​ក្រុម​ឲ្យ​ល្អ​នឹង​នាំ​ឲ្យ​ក្រុម​នេះ​ធ្វើដំណើរ​ឆ្ពោះទៅកាន់​ផ្លូវ​ដ៏​វែងឆ្ងាយ ហើយ​ទីបំផុត​នឹង​នាំទៅរក​ភាពជោគជ័យ​សម្រាប់​ទាំង​បុគ្គល​ម្នាក់ៗ និង​ក្រុម​ទាំងមូល​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់