ប៉ូលិសប៉ារ៉ាហ្គាយឃាត់ខ្លួនកំពូលតារាបាល់ទាត់ប្រេស៊ីល Ronaldinho ពីបទកាន់លិខិតឆ្លងដែនក្លែងក្លាយ

អតីតតារាបាល់ទាត់ Ronaldinho ត្រូវបានប៉ូលិសប៉ារ៉ាហ្គាយឃាត់ខ្លួនពីបទចូលប្រទេសដោយកាន់លិខិតឆ្លងដែនក្លែងក្លាយ។

ប៉ូលិសបានឆ្មក់ចូលបន្ទប់សណ្ឋាគាររបស់តារាបាល់ទាត់ប្រេស៊ីលរូបនេះកាលពីយប់ថ្ងៃពុធទី៤មីនា ហើយរដ្ឋអាជ្ញានិយាយថា ពួកគេបានរកឃើញលិខិតឆ្លងដែនប៉ារ៉ាហ្គាយ ដែលត្រូវបានក្លែងបន្លំជាមួយទិន្នន័យរបស់ Ronaldinho និងបងប្រុសរបស់គាត់។

រដ្ឋអាជ្ញាលោក Federico Delfino បាននិយាយថា​ បងប្អូនទាំងពីរនាក់នេះបានចាកចេញពីប្រទេសប្រេស៊ីលដោយប្រើលិខិតឆ្លងដែនប្រេស៊ីល ប៉ុន្តែបានចូលប្រទេសប៉ារ៉ាហ្គាយនៅព្រឹកថ្ងៃពុធ ដោយប្រើឯកសារប៉ារ៉ាហ្គាយ។

លោក Delfino និយាយថា "ទាំងនោះគឺជាលិខិតឆ្លងដែនដើម ប៉ុន្តែមានទិន្នន័យប្រឌិត"។

លោកបានបន្ថែមថា Ronaldinho បានប្រាប់អ្នកស៊ើបអង្កេតថា មនុស្សដែលនាំគាត់មកទីនេះ បានប្រគល់ឯកសារទាំងនេះឱ្យគាត់។ Ronaldinho បាននៅប៉ារ៉ាហ្គាយដើម្បីជួយយុទ្ធនាការមូលដ្ឋានមួយសម្រាប់សុខភាពកុមារ។

កីឡាកររូបនេះបានផ្តល់សក្ខីកម្មនៅចំពោះមុខអង្គភាពប្រឆាំងឧក្រិដ្ឋកម្មចាត់តាំងរបស់ប៉ារ៉ាហ្គាយកាលពីថ្ងៃព្រហស្បតិ៍។

លោក Delfino និយាយថា រដ្ឋអាជ្ញាមានពេលរហូតដល់យប់ថ្ងៃព្រហស្បតិ៍ ដើម្បីសម្រេចចិត្តថាតើត្រូវចោទប្រកាន់លើអ្នកទាំងពីរឬអត់៕ 

adverise with khmeread