ការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រចិនរកឃើញថា វីរុសកូរ៉ូណា "ចាញ់អាកាសធាតុក្តៅ" ដូច្នេះបណ្តាប្រទេសនិងតំបន់ក្តៅមិនងាយមានការឆ្លងរាលដាលខ្លាំងដូចប្រទេសត្រជាក់ទេ

ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា វីរុស ដែលបង្កជា Covid-19 អាចពឹងអាស្រ័យលើសីតុណ្ហភាពត្រជាក់ដើម្បីវាអាចឆ្លងរាលដាលបានលឿនបំផុត ប៉ុន្តែអ្នកជំនាញនិយាយថាមនុស្សគួរតែចៀសវាងការលង់ខ្លួនជឿថា មេរោគនេះនឹងមានប្រតិកម្មទៅនឹងការផ្លាស់ប្តូរអាកាសធាតុតាមរដូវ ក្នុងវិធីតែមួយដូចនឹងប្រភេទវីរុសផ្សេងទៀត ដូចជា វីរុស ដែលបង្កឱ្យមានជំងឺផ្តាសាយធម្មតា ឬ ផ្តាសាយធំជាដើម។

ការសិក្សា ដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវចិនមកពីសាកលវិទ្យាល័យ  Sun Yat-sen នៅទីក្រុងក្វាងចូវ ទីរួមខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិន បានស្វះស្វែងកំណត់មើលថាតើការរីករាលដាលនៃវីរុសកូរ៉ូណាអាចរងផលប៉ះពាល់ដោយការផ្លាស់ប្តូររដូវនិងសីតុណ្ហភាពយ៉ាងដូចម្តេចខ្លះ។

ត្បិតមិនទាន់បានពិនិត្យឡើងវិញដោយអ្នកស្រាវជ្រាវគ្នាឯងដទៃទៀតក្តី របាយការណ៍ដែលចុះផ្សាយកាលពីខែមុនបានបង្ហាញថា អាកាសធាតុក្តៅមានតួនាទីយ៉ាងសំខាន់ក្នុងរបៀបដែលវីរុសបញ្ចេញឥរិយាបទរបស់វា។

របាយការណ៍សរសេរថា "សីតុណ្ហភាពអាចផ្លាស់ប្តូរការចម្លងមេរោគ Covid-19 យ៉ាងសំខាន់។ ហើយទាល់តែមានសីតុណ្ហភាពត្រជាក់ទើបអំណោយផលដល់ការចម្លងវីរុស"។

ការសិក្សានេះបានលើកឡើងថា "វីរុសកូរ៉ូណាចាញ់អាកាសធាតុក្តៅ" ដែលអាចទប់ស្កាត់វាពីការរីករាលដាលនៅក្នុងបណ្តាប្រទេសដែលមានអាកាសធាតុក្តៅ ខណៈនៅក្នុងបណ្តាប្រទេសនិងតំបន់ត្រជាក់ វានឹងរីករាលដាលលឿន។

ជាលទ្ធផល ការសិក្សានេះបានលើកថា "បណ្តាប្រទេសនិងតំបន់ដែលមានសីតុណ្ហាភាពត្រជាក់ជ្រើសយកវិធានត្រួតពិនិត្យតឹងរ៉ឹងបំផុត"៕ ​ប្រភព ៖ South China Morning Post