វេជ្ជបណ្ឌិតអាមេរិកព្រមានថា កន្លែងហាត់ប្រាណជាទីតាំងមានហានិភ័យខ្ពស់សម្រាប់ការចម្លងមេរោគកូរ៉ូណា

អ្នកដែលចូលចិត្តហាត់ប្រាណ ត្រូវបានគេជំរុញឱ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើលំហាត់ប្រាណ ខណៈកន្លែងហាត់កាយសម្បទាន (Gym) ត្រូវបានគេកំណត់ថាជាទីតាំងដែលមានហានិភ័យខ្ពស់សម្រាប់ការឆ្លងរាលដាលវីរុសកូរ៉ូណា។ 

យោងតាមកាសែត Daily Mail សរសេរនៅថ្ងៃពុធនេះបានឱ្យដឹងថា វេជ្ជបណ្ឌិតលោក Norman Swan ដែលជាអ្នកកាសែតមានជំនាញសរសេរខាងវេជ្ជសាស្ត្រផងនោះ បាននិយាយថា Gym គឺជាកន្លែងដ៏ល្អបំផុតសម្រាប់វីរុសរីករាលដាលដោយសារតែញើសរបស់ពួកអ្នកហាត់ប្រាណ។

គាត់បានបញ្ជាក់ប្រាប់ទៅវេបសាយ ABC ថា "ភាពសើមគឺជារឿងអាក្រក់មួយសម្រាប់ការរាលដាលមេរោគ។ អ្នកបានបញ្ចេញមេរោគមកក្រៅយ៉ាងច្រើនហើយមិនបានដឹងខ្លួនទេ ហើយមេរោគមួយក្នុងចំណោមនោះប្រហែលជាកំពូលអ្នកចម្លងរោគដ៏ខ្លាំងបំផុត។​ វាមិនមែនមានន័យឱ្យអ្នកឈប់ទៅហាត់នៅ Gym ទេ អ្នកត្រូវតែប្រុងប្រយ័ត្នខ្លាំងសម្បើមបំផុតនៅ Gym។ អ្នកត្រូវតែប្រាកដឱ្យច្បាស់ថា អ្នកសម្អាតឧបករណ៍ប្រើប្រាស់ឱ្យមានសុវត្ថិភាពបំផុតមុននិងក្រោយប្រើប្រាស់"។

គាត់បានជំរុញឱ្យប្រជាជនចៀសវាងបន្ទប់ស្ទីម ព្រោះវាមិនក្តៅគ្រប់គ្រាន់ដើម្បីសម្លាប់មេរោគនោះទេ។ គាត់និយាយថា "និយាយដោយស្មោះ ខ្ញុំនឹងមិនទៅក្បែរតំបន់សើមណាមួយនោះទេ"។

គាត់បានព្រមានថា អ្នកដែលមានរោគសញ្ញាដូចជាក្អក ឬកណ្តាស់គួរតែចៀសវាងធ្វើដំណើរទៅកន្លែងហាត់ប្រាណរហូតដល់ពួកគេបានជាសះស្បើយសិន។ 

យ៉ាងណាក្តី វេជ្ជបណ្ឌិតលោក David Thomas សាស្រ្តាចារ្យផ្នែកវេជ្ជសាស្រ្ត និងជាប្រធានមន្ទីរជំងឺឆ្លងនៅ​ឯសាលាជំនាញវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Johns Hopkins បានប្រាប់ទៅកាសែត New York Times ថា អ្នកចូលព្រះវិហារមានហានិភ័យច្រើនជាងអ្នកហាត់ប្រាណ៕

 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16