adverise with khmeread Radzuan ma asan 600x306

ស្តាប់មូលហេតុ​ហើយ​ចង់​ស្រក់​ទឹកភ្នែក​! ថៅកែ​ផ្សារ​ទំនើប​ម៉ាឡេស៊ី​ចាប់ចោរ​បាន​ហើយ​បែរជា​ប្រគល់​ការងារ​ឱ្យ​ចោរ​ធ្វើ​ទៀត​!

​    ​បន្ទាប់ពី​ចាប់បាន​ចោរលួច​ទំនិញ​ពី​ផ្សារ​ទំនើប Tesco ក្នុងប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី ២៤ ខែមីនា​កន្លងមកនេះ អ្នកគ្រប់គ្រង​ផ្សារ​បានជ្រើសរើស​មិន​បញ្ជូន​បុរស​ម្នាក់​នោះ​ទៅ​ប៉ូលិស​នោះទេ ប៉ុន្តែ​បានប្រគល់​ការងារ​មួយ​ឱ្យ​គាត់​នៅ​ផ្សារ​ដដែល​នោះ​ថែមទៀត​។ 

​    ​រឿងរ៉ាវ​គឺ​យ៉ាង​ដូច្នេះ ឪពុក​កូន​បី​អាយុ ៣១ ឆ្នាំ​រូបនោះ​បាន​លួច​អាហារ​តម្លៃ ៧ ដុល្លារ​ទាំង​ភ័យ​ស្លន់ស្លោ​ដើម្បី​ចិញ្ចឹម​កូនៗ​ដែល​កំពុង​អត់ឃ្លាន​។ បុរស​នោះបាន​ប្រាប់​ព័ត៌មាន​ក្នុងស្រុក​ថា "​ខ្ញុំ​បាន​ឈប់​ពី​ការងារ​ក្នុងនាម​ជា​បុគ្គលិក​ជាប់កិច្ចសន្យា បន្ទាប់ពី​ភរិយា​របស់ខ្ញុំ​ធ្លាក់ខ្លួន​ឈឺ​សន្ល​ត់បា​ត់​សា្មរ​តី​មិនទាន់​ដឹងខ្លួន​នៅឡើយ​ទេ​អំឡុង​ការ​ប្រសូត្រ​កូន​ទី​បួន (​ស្លាប់​ហើយ​) យ៉ាង​ពិបាក​កាលពី​សប្តាហ៍​មុន​។ នាង​នៅ​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ Bukit Mertajam នៅឡើយ​ទេ​"​។ 

​    ​បុរស ដែល​បច្ចុប្បន្ន​រស់នៅ​ជាមួយ​សាច់ញាតិ​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ​រូបនេះ​បាន​និយាយថា គាត់​បាន​ដើរ​ត្រឡប់ទៅផ្ទះ បន្ទាប់ពី​ទៅ​មើល​ប្រពន្ធ​នៅ​មន្ទីរពេទ្យ ហើយ​ស្រាប់តែ​ចៃដន្យ​បាន​ដើរកាត់​ផ្សារ​ទំនើប Tesco​។ កូនប្រុស​អាយុ ២ ឆ្នាំ​របស់គាត់​អស់កម្លាំង​និង​ឃ្លាន​អាហារ​ជាខ្លាំង ដូច្នេះ​អ្នក​ទាំងពីរ​ក៏បាន​ចូលទៅក្នុង​ផ្សារ​។ លោក​បាន​និយាយថា "​បន្ទាប់ពី​ដើរ​ចុះឡើង​អស់ ១ ម៉ោង យើង​បាន​ទៅ​កន្លែង​ដាក់លក់​ចំណីអាហារ ហើយ​ខ្ញុំ​បាន​ចាប់យក​សារី ប៉ោម និង​ភេសជ្ជៈ​ប៉ុន្មាន​ដប​"​។ គួរឱ្យ​ស្តាយ គេ​ក៏​ចាប់បាន​រូបគាត់ ខណៈ​គាត់​ព្យាយាម​ចេញពី​ផ្សារ​នេះ ហើយ​ក្រោយមក​ត្រូវបាន​អ្នកគ្រប់គ្រង​ផ្សា​រលោក Radzuan Ma’asan យកមក​សួរនាំ​។ 

​     នៅពេល​លោក Radzuan បានដឹង​ពី​ស្ថានភាព​ជាក់ស្តែង​រប​ស់បុ​រស​ម្នាក់​នោះ គាត់​ក៏​កើត​ចិត្ត​អាណិតអាសូរ​បុរស​នោះ​យ៉ាងខ្លាំង​។ លោក Radzuan បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា "​គាត់​មិនមែនជា​ចោរ​ដើរ​លួច​គេ​រាល់ថ្ងៃ​ទេ​។ នៅពេល​យើង​សួរ​គាត់ គាត់​ក៏បាន​សារភាព​ភ្លាម ដោយ​និយាយថា គាត់​លួច​ផ្លែឈើ និង​ភេសជ្ជៈ​ព្រោះ​កូន​គាត់​ឃ្លាន​ខ្លាំងពេក​។ ឆ្លងកាត់​បទពិសោធន៍​ក្នុង​ផ្នែក​លក់ដូរ​ក្នុង​ផ្សារ ២៣ ឆ្នាំ​មកនេះ ខ្ញុំ​មិនដែល​ជួប​ចោរ​ណា​ដែល​សារភាព​ងាយៗ​បែបនេះ​ទេ​។ ចោរ​ភាគច្រើន​តែង​និយាយ​ហេតុផល​គ្រប់​ប្រភេទ​ដើម្បី​រួចខ្លួន​"​។ 

​    ​លោក Radzuan បាន​បន្តថា "​គាត់​ក៏បាន​ប្រាប់​យើង​ដែរ​ថា គាត់​មិនអាច​ទៅធ្វើ​ការ​បានទេ ព្រោះ​គាត់​ត្រូវ​មើលថែ​កូន​បីនាក់ អាយុ ២ ឆ្នាំ​ដល់ ៧​ឆ្នាំ​។ ដូច្នេះ​យើង​ក៏​សម្រេចចិត្ត​មិន​ដាក់​ពាក្យបណ្តឹង​ទៅ​ប៉ូលិស​នោះទេ ព្រោះនេះ​គឺជា​ករណី​ជាក់ស្តែង​នៃ​ភាពក្រីក្រ​តោកយ៉ាក​បំផុត​"​។ 

​    ​ជំនួស​មកវិញ Radzuan បានផ្តល់​ឱកាស​លើក​ទី​ពីរ​ដល់​គាត់ ដោយ​ឱ្យ​ការងារ​មួយ​ដល់​គាត់ នៅពេលណា​ដែល​គាត់​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ចាប់ផ្តើម​ធ្វើការ​។ គាត់​ថែមទាំង​បានឱ្យ​ប្រាក់​មួយចំនួន​ដើម្បី​យកទៅ​ចំណាយ​ចាំបាច់​បន្ទាន់​ផងដែរ និង​បាន​ទៅ​មើល​គ្រួសារ​គាត់​ដល់ផ្ទះ​រួមជាមួយ​នឹង​បុគ្គលិក​របស់គាត់​ទៀតផង​។ លោក Radzuan បាន​និយាយថា "​យើង​បាន​ទៅ​មើល​ផ្ទះ​សាច់ញាតិ​គាត់​។ ផ្ទះ​គាត់​គ្មានអ្វី​ទាំងអស់ និង​មើលទៅ​តោកយ៉ាក​បំផុត​"​។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក ពួកគេ​បាន​ទៅ​មើល​ប្រពន្ធ​ឈឺ​របស់គាត់​នៅ​មន្ទីរពេទ្យ ហើយ​ប្រពន្ធ​គាត់​បានដឹងខ្លួន​បន្តិច​វិញ​ហើយ ប៉ុន្តែ​គួរឱ្យ​ស្តាយ​កូន​ទី​បួន​របស់គាត់​ពុំមាន​ឱកាស​ឃើញ​ពន្លឺព្រះអាទិត្យ​នោះទេ​។ 

​    ​អ្នកនាំពាក្យ​ផ្សារ​ទំនើប Tesco បាន​និយាយថា "​យើង​មិនបាន​អត់ឱន​ទោស​ឱ្យ​ចោរ​នោះទេ ប៉ុន្តែ​ករណីនេះ​គឺជា​រឿង​ផ្សេងគ្នា​។ យើង​បាន​ពិនិត្យមើល​ដោយផ្ទាល់ ហើយ​អ្វីដែល​ជនសង្ស័យ​និយាយ​គឺជា​ការពិត​ទាំងអស់​។ យើង​អាណិតអាសូរ​គាត់ និង​យល់ច្បាស់​ពី​មូល​ហេតុដែល​គាត់​ប្រព្រឹត្ត​រឿង​បែបនេះ​"៕  

adverise with khmeread
ប្រភព៖ រ៉យទ័រ

អ្នកនឹងចូលចិត្ត

មតិយោបល់