បុរសម្នាក់ទិញទឹកអាស៊ីតមកផឹកប្រកាច់ដេកស្តូកស្តឹង ខឹងប្រពន្ធទៅថៃមានប្តីថ្មី

បន្ទាយមានជ័យ ៖ បុរសម្នាក់មានអាការៈស្ទើរស្លាប់ស្ទើររស់ ព្រោះគិតខ្លីខឹងប្រពន្ធទៅធ្វើការនៅប្រទេសថៃ បែកគំនិតមានប្តីថ្មីចោលខ្លួនដែលធ្វើការនៅស្រុកខ្មែរដាំដំឡូងមី បានទិញទឹកអាស៊ីតមកផឹកបណ្តាលប្រកាច់ដេកស្តូកស្តឹងនៅផ្ទះ ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ទង្វើឆ្កួតៗនេះបង្កឱ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នៅចំណុចភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការស្រុកស្វាយចេកបានប្រាប់ឱ្យដឹងថា ជនរងគ្រោះឈ្មោះ កើត ឃឿន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិស្រេះ ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានជួលដីគេដាំដំឡូងមី នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកអធិការបន្តថា តាមការស្រាវជ្រាវមូលហេតុដែលនាំឱ្យបុរសនេះប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនឯងដោយប្រើទឹកអាស៊ីតនោះ គឺបណ្តាលមកពីបុរសរូបនេះខឹងចិត្តប្រពន្ធទៅធ្វើការងារនៅប្រទេសថៃប្រល័យបេះដូងស្មោះ ក្បត់ចិត្តលួចមានប្តីថ្មី ហើយក៏ទិញទឹកអាស៊ីតយកមកផឹកដើម្បីផ្តាច់ផ្តិលជីវិតខ្លួនឯង។ តែដោយមានគេឃើញបុរសនេះប្រកាច់នៅនឹងផ្ទះ ហើយប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅទីនោះបានទៅមើលប្រទះឃើញដបទឹកអាស៊ីតទើបដឹងថាជនរងគ្រោះបានផឹកទឹកអាស៊ីត រួចក៏នាំគ្នាជួយសង្រ្គោះដឹកយកទៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន នៅស្រុកមង្គលបូរី។

តាមការឱ្យដឹងពីគ្រូពេទ្យរហូតមកទល់នឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បុរសរងគ្រោះនៅមិនទាន់បានធូរស្រាលនៅឡើយ ដោយសារទឹកអាស៊ីតបានជ្រាបចូលពេញខ្លួន បច្ចុប្បន្នគ្រូពេទ្យកំពុងយកចិត្តទុកដាក់ព្យាបាលបន្ត៕
 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16