រដ្ឋាភិបាលចិនប្រាប់ឱ្យប៉ូលិសក្រុងវូហានហែកចោល "លិខិតស្តីបន្ទោស" លើលោកគ្រូពេទ្យស្លាប់ទៅ Li Wenliang គ្រាន់តែគាត់ដាស់តឿនមនុស្សឱ្យប្រយ័ត្នកូវីដ១៩

កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលចិនបានប្រកាសលទ្ធផលនៃការស៊ើបអង្កេតលើបញ្ហានានាទាក់ទងនឹងលោកវេជ្ជបណ្ឌិត Li Wenliang គ្រូពេទ្យឯកទេសខាងភ្នែក ដែលត្រូវបានស្តីបន្ទោសជាផ្លូវការដោយប៉ូលិសក្នុងក្រុងវូហានពីបទព្យាយាមដាស់តឿនមនុស្សគ្រប់គ្នាឱ្យប្រយ័ត្នវីរុសកូរ៉ូណា ហើយការស្លាប់របស់គាត់កាលពីថ្ងៃទី ៧ កុម្ភៈបានបង្កកំហឹងទូទាំងប្រទេស។ 

អាជ្ញាធរជាតិបានបញ្ជាក់ថា លោក Li អាយុ ៣៤ ឆ្នាំ ដែលធ្វើការនៅមន្ទីរពេទ្យមួយនៅវូហាន បានបង្ហោះឡើងវិញនូវឯកសារផ្ទៃក្នុងស្តីពីការផ្ទុះឡើងជំងឺរាតត្បាតថ្មីនៅថ្ងៃទី ៣០ ខែធ្នូ នៅក្នុង Group Chat លើបណ្តាញសង្គម និង ដាស់តឿនអ្នកដទៃទៀតកុំឱ្យចេញក្រៅ។ 

ប៉ូលិសក្នុងក្រុងវូហាន ដែលជាចំណុចស្នូលនៃការរាលដាលជំងឺកូវីដ១៩ ក្រោយមកបានកោះហៅលោក Li នៅថ្ងៃទី៣មករា និង ចេញលិខិតស្តីបន្ទោសផ្លូវការលើគាត់តែម្តង។ លិខិតស្តីបន្ទោសនេះគឺប្រភេទលិខិតព្រមានផ្លូវការរបស់ចិន ដែលផ្តល់អំណាចដល់សមត្ថកិច្ចចាប់ខ្លួន ជនណាដែលមិនស្តាប់ការព្រមាន។ 

ក្រុមអ្នកស៊ើបអង្កេតរបស់រដ្ឋាភិបាលចិនក៏បាននិយាយផងដែរថា លោក Li បានទទួលការព្យាបាលត្រឹមត្រូវនៅពេលគាត់ធ្លាក់ខ្លួនឈឺ ហើយរាល់នីតិវិធីព្យាបាលទាំងអស់គឺទទួលបានការយល់ព្រមពីគាត់ឬគ្រួសាររបស់គាត់។ 

អាជ្ញាធរបានសន្និដ្ឋានថា លិខិតស្តីបន្ទោសរបស់ប៉ូលិសវូហានទៅលើលោក Li គឺ "មិនសមរម្យ" ផ្អែកលើការអនុវត្តច្បាប់មិនត្រឹមត្រូវ និងថា លិខិតនេះគួរតែកែតម្រូវ។ អ្នកស៊ើបអង្កេតរបស់រដ្ឋាភិបាលបានជំរុញឱ្យប៉ូលិសវូហានហែកចោលលិខិតស្តីបន្ទោសនេះ និង យកអ្នកខុសមកទទួលខុសត្រូវ៕ ប្រភព៖ CNN

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16