ឃាត់ខ្លួនចោរលួចម៉ូតូម្នាក់, រត់រួចម្នាក់នៅសង្កាត់និរោធ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ចំណោម២នាក់ត្រូវបានប៉ូលិសខណ្ឌច្បារអំពៅចាប់ខ្លួនក្នុងករណីលួចម៉ូតូ នៅមុខផ្ទះគ្មានលេខ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ថ្ងៃទី២១ មីនា ឆ្នាំ២០២០ ម៉ោង០៧ព្រឹកនេះ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សៅ សោភ័ណ្ឌ ភេទ ស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រោងចក្រកាត់ដេរ ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឃាត់ខ្លួន ឈ្មោះ តាំង សុធា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិយួន មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ប៉ូលិសបន្តថា មុនពេលកើតហេតុជនរងគ្រោះទុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1HO-5234 នៅចំណុចកើតហេតុ ដោយទុកកូនសោជាប់នឹងម៉ូតូ រួចដើរចូលទៅទិញទឹកកក។ ស្រាប់តែមានជនសង្ស័យ០២នាក់ ឈ្មោះ តាំង សុធា និងឈ្មោះរតនា ជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ មិនចាំផ្លាកលេខ មកឈប់ក្បែរ រួចជនសង្ស័យឈ្មោះ តាំង សុធា ដើរមកលួចម៉ូតូជនរងគ្រោះជិះគេចខ្លួន ក៏ត្រូវបានជនរងគ្រោះឃើញស្រែកចោរៗ នាំគ្នាចាប់បានជនសង្ស័យឈ្មោះ តាំង សុធា រួមនិងវត្ថុតាងម៉ូតូ០១គ្រឿង ជារបស់ជនរងគ្រោះប្រគល់ឱ្យសមត្ថកិច្ច ចាត់ការតាមច្បាប់។ ចំណែកជនសង្ស័យឈ្មោះ រតនា ជិះម៉ូតូគេចខ្លួនបាត់។

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕


 

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81