ក្រុមហ៊ុនជប៉ុនបញ្ចេញឧបករណ៍ធ្វើតេស្តរកកូវីដ១៩ ប្រើពេលត្រឹម ១៥ នាទី ខណៈរដ្ឋាភិបាលបង្កើនសមត្ថភាពត្រួតពិនិត្យអ្នកសង្ស័យកើតកូរ៉ូណា

ប្រទេសជប៉ុនបានបង្កើនការផលិតគ្រឿងបរិក្ខារដើម្បីធ្វើតេស្តរកវីរុសកូរ៉ូណា រួមទាំងក្រុមហ៊ុនឯកជនមួយឈ្មោះ Kurabo Industries ដែលកំពុងលក់ឧបករណ៍ធ្វើតេស្ត ដែលខ្លួនសន្យាថានឹងទទួលបានលទ្ធផលក្នុងរយៈពេល ១៥នាទី និងមានប្រសិទ្ធភាព ៩៥ ភាគរយ។

យោងតាមក្រសួងសុខាភិបាលការងារនិងសុខុមាលភាព ប្រទេសជប៉ុនបច្ចុប្បន្នមានសមត្ថភាពត្រួតពិនិត្យមនុស្សចំនួន ៧០០០ នាក់ក្នុងមួយថ្ងៃ ប៉ុន្តែបានប្រកាន់ខ្ជាប់នូវគោលការណ៍មួយ ដែលធ្វើតេស្តតែលើបុគ្គលមានហានិភ័យខ្ពស់ប៉ុណ្ណោះ។ នៅចន្លោះថ្ងៃទី១៨ ខែកុម្ភៈដល់ថ្ងៃទី១៤ ខែមីនាការធ្វើតេស្តចំនួន ២៩.១២២ ត្រូវបានធ្វើឡើងនៅទូទាំងប្រទេសជប៉ុន។

អ្នកនាំពាក្យក្រសួងបាននិយាយថា ចំនួននៃការធ្វើតេស្តបានផ្លាស់ប្តូរពី ១០០ នាក់ទៅ ៨០០នាក់ក្នុងមួយថ្ងៃ ដោយយោងតាមតម្រូវការរបស់អាជ្ញាធរមូលដ្ឋាន ដែលប្រឈមនឹងការផ្ទុះឡើងនៃករណីភ្លាមៗដែលកើតឡើងនៅផ្នែកខ្លះនៃប្រទេស។

ចង្កោមមេរោគបានលេចឡើងនៅក្នុងកោះហុកកៃដូ ដោយមានទាក់ទងទៅនឹងអ្នកទេសចរចិន ដែលបានទៅលេងក្នុងកម្មវិធីបុណ្យប្រចាំទឹកកក Sapporo នៅឯកន្លែងហាត់ប្រាណមួយក្នុងតំបន់ភូមិភាគកណ្តាលអាណាខេត្ត Aichi នៅក្លឹបរាត្រីមួយចំនួននៅទីក្រុងអូសាកា និងមណ្ឌលមនុស្សចាស់ក្នុងទីក្រុងណាកូយ៉ា ដែលជាលទ្ធផលបានសម្លាប់មនុស្សអស់ ១២នាក់រហូតមកទល់ពេលនេះ៕ ប្រភព៖ South China Morning Post