បើកម៉ូតូធុនធំលឿនពេកជ្រុលទៅបុករថយន្តកំពុងឆ្លងផ្លូវផ្លោងបោកក្បាលនឹងបង្គោលភ្លើងស្លាប់

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូធុនធំមួយគ្រឿងលឿនដូចហោះជ្រុលទៅបុករថយន្តឡិចស៊ីសមួយគ្រឿងកំពុងឆ្លងផ្លូវពេញទំហឹងផ្លោងរំលងរថយន្តបោកក្បាលនឹងបង្គោលភ្លើងបំភ្លឺផ្លូវស្លាប់ភ្លាមៗបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០ស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រោមកែងផ្លូវលេខ២៦៥ចំណុចខាងកើតគល់ស្ពាន៧មករា សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះឈ្មោះ អ៊ូ វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ អសយដ្ឋានផ្លូវ លេខ១ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជនរងគ្រោះមានស្ពាយកាតាបមួយក្នុងនោះមានលុយចំនួន៣០២ដុល្លារ និងលុយខ្មែរប្រហែល២០ម៉ឺនរៀលនិងកាតផ្សេងៗមួយចំនួនទៀត។

ប្រភពបានឱ្យដឹងថា ដំបូងគេឃើញបុរសម្នាក់ជិះម៉ូតូធុនធំមួយគ្រឿងម៉ាក XR ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GQ.1334  ទើបតែចេញពីកម្មវិធីមង្គលការបើកក្នុងល្បឿនលឿន តាមបណ្តោយផ្លូវកម្ពុជាក្រោមទិសដៅពីលិចមកកើតចុះពីលើស្ពាន៧មករា។

ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តឡិចស៊ីស RX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AI.6087 បើកដោយប្ដីប្រពន្ធពីរនាក់កំពុងឆ្លងផ្លូវពីជើងទៅត្បូងតាមបណ្ដោយផ្លូវ២៦៥ជិតផុតទៅហើយ ក៏ត្រូវបានម៉ូតូបុកពេញទំហឹងបណ្ដាលឱ្យរថយន្តឡិចស៊ីសទៅប៉ះរថយន្តអូឌីមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AN .1223 កំពុងធ្វើដំណើរតាមបណ្ដោយផ្លូវ២៦៥ក្នុងទិសដៅពីត្បូងទៅជើងបញ្រ្ចាស់ទិសគ្នាហើយបុរសខាងលើផ្លោងរំលងរថយន្តទៅបោកក្បាលនឹងបង្គោលភ្លើងបំភ្លឺផ្លូវស្លាប់ភ្លាមៗ។រថយន្តឡិចស៊ីស និងម៉ូតូរងការខូចខាតយ៉ាងដំណំ។ ចំណែករថយន្តអូឌីខូចខាតតិចតួច។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៌ចុះវាស់វែងយករថយន្តទាំងពីរគ្រឿងនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។ ដោយឡែកសពរងគ្រោះក្រោយពីធ្វើកំណត់ហេតុរួចសមត្ថកិច្ចប្រគល់ឱ្យរថយន្តសាម៉ុយដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំសាច់ញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16