នារីម្នាក់កំពុងជិះម៉ូតូតាមផ្លូវត្រូវចោរឆក់ទូរស័ព្ទពីក្នុងហោប៉ៅអាវត្រូវប៉ូលិសវ៉ៃខ្នោះម្នាក់, រត់រួចម្នាក់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ចំណោម២នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យ៣ឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃចំនួន០១គ្រឿង កាលពីថ្ងៃទី២១ មីនា ឆ្នាំ២០២០ វេលាម៉ោង៧ និង១០នាទីយប់ នៅចំណុចមុខហាងសាំងតេលា ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។  

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ សុវណ្ណ ចាន់រ៉ាឌី ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ  ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ ​កម្មករសំណង់​ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)​។

ចំណែកជនរងគ្រោះឈ្មោះ ម៉េង សុខអ៊ីម ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវ លំ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរលក់ដូរ។      

វត្ថុតាងចាប់យក ទូរស័ព្ទដៃ០១គ្រឿងម៉ាកអាយហ្វូនសិច ពណ៌ខ្មៅជារបស់ជនរងគ្រោះ និង ម៉ូតូ០១គ្រឿងម៉ាកប៊ីត ពណ៌សលាយខៀវ លេខតួ 9018389,​ លេខម៉ាស៊ីន9018615 ពាក់ស្លាកលេខ កំពង 1P-3090 ជារបស់ជនសង្ស័យ។

ប៉ូលិសបន្តថា កាលពីថ្ងៃទី២១ មីនា ឆ្នាំ២០២០ វេលាម៉ោង៧ និង១០នាទីយប់ នៅចំណុចមុខហាងសាំងតេលា ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ (ចំណុចកើតហេតុ) ជនរងគ្រោះឈ្មោះ ម៉េង សុខអ៊ីម កំពុងជិះម៉ូតូ០១គ្រឿងម៉ាកធូដេ ពណ៌ក្រហម តែម្នាក់ឯង ដោយទុកទូរស័ព្ទដៃ០១គ្រឿងម៉ាកអាយហ្វូនសិច ពណ៌ខ្មៅ នៅក្នុងហោប៉ៅអាវ។

ពេលនោះជនសង្ស័យ០២នាក់ឈ្មោះ សុវណ្ណ ចាន់រ៉ាឌី និង ឈ្មោះ អ៊ួក ជិះម៉ូតូ០១គ្រឿងម៉ាកប៊ីត ពណ៌សលាយខៀវ ពាក់ស្លាកលេខ កំពង 1P 3090 (ដោយជនសង្ស័យឈ្មោះ អ៊ួក ជាអ្នកបើកម៉ូតូ  ចំណែកជនសង្ស័យឈ្មោះ សុវណ្ណ ចាន់រ៉ាឌី ជាអ្នកអង្គុយខាងក្រោយ) បានមកធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះឈ្មោះ ម៉េង សុខអ៊ីម ហើយជិះម៉ូតូរត់គេចខ្លួន។

ពេលនោះ ជនរងគ្រោះឈ្មោះ ម៉េង សុខអ៊ីម បានស្រែកឆោឡោរឡើង ទន្ទឹមនោះកម្លាំងប៉ូលិសល្បាតប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានមកដល់ដេញចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុវណ្ណ ចាន់រ៉ាឌី យកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍ស្ទឹងមានជ័យទី៣។ ចំណែកជនសង្ស័យឈ្មោះ អ៊ួក រត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យឈ្មោះ សុវណ្ណ ចាន់រ៉ាឌី ឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81