ទំនាស់ពាក្យសម្តី ប្តីទាញកាំបិតប៉័ងតោកាប់ក្បាលប្រពន្ធរយះដេកពេទ្យត្រូវប៉ូលិសវ៉ៃខ្នោះ

កណ្ដាល ៖ មានករណីប្រើអំពើហិង្សាក្នុងគ្រួសារ១ករណីកើតឡើង ដែលបណ្ដាលឱ្យស្រ្តីម្នាក់រងរបួសបែកក្បាលដោយសារតែលោកប្តីយកកាំបិតប៉័ងតោមកកាប់ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៦ និង៣០នាទីយប់ នៅចំណុចភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

ប៉ូលិសនិយាយថា ស្រ្តីរងគ្រោះឈ្មោះ ហ៊ឺន ស្រីវីន ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកម្មការិនីរោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល រងរបួសក្បាលផ្នែកខាងក្រោយចំនួន០១កាំបិតប្រវែង០៧សង់ទីម៉ែត្រនិងដៃចំនួន០១កាំបិត។

ចំណែកជនបង្កឈ្មោះ យ៉ិន ម៉ៅ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាប្ដី) មានមុខរបរកម្មកររោងចក្រ មានទីលំនៅភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ សមត្ថកិច្ចដកហូតវត្ថុតាងមានកាំបិតប៉័ងតោ (ចំនួន០១)។

ប៉ូលិសនិយាយថា ដំបូងឈ្មោះ យ៉ិន ម៉ៅ (ជនសង្ស័យ) បានសួរប្រពន្ធឈ្មោះ ហ៊ឺន ស្រីវីន រកសោផ្ទះរួចហើយអ្នកទាំងពីរក៏បានទាក់ពាក្យសម្ដីជាមួយគ្នារហូតដល់បានប្រតាយប្រតប់គ្នាទៅវិញទៅមក។ពេលនោះ ឈ្មោះ យ៉ិនម៉ៅ (ជនសង្ស័យ) ខឹងក៏បានយកកាំបិតប៉័ងតោ កាប់ទៅលើ ឈ្មោះ ហ៊ឺន ស្រីវីន (ជនរងគ្រោះ) ចំក្បាលផ្នែកខាងក្រោយចំនួន០១កាំបិតនិង ដៃចំនួន០១កាំបិតបណ្ដាលឱ្យរងរបួសជាទម្ងន់ រួចហើយក៏បានសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យរាជធានីភ្នំពេញ។

ក្រោយពេលទទួលបានព័ត៌មានខាងលើនេះភ្លាមកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលក្រាំងយ៉ូវបានទៅដល់កន្លែងកើតហេតុបានធ្វើការឃាត់ខ្លួនឈ្មោះ យ៉ិន ម៉ៅ (ជនសង្ស័យ) មកសាកសួរ។ បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋានស្រុកស្អាងដើម្បីកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធី៕


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16