រញ្ជួយដីវាយប្រហាររដ្ឋធានីរបស់ក្រូអាស៊ី ខណៈប្រទេសកំពុងជួបវិបត្តិជំងឺកូវីដ១៩

រញ្ជួយដីមួយបានអង្រួនរដ្ឋធានី Zagreb របស់ក្រូអាស៊ី ដោយបំផ្លាញអគារជាច្រើន និងរថយន្តជាច្រើនគ្រឿងបានខូចខាតដោយសារធ្លាក់ដុំថ្មពីអគារ។ 

យោងតាម BBC កាលពីថ្ងៃអាទិត្យទី ២២ មីនា ក្មេងជំទង់ម្នាក់កំពុងស្ថិតក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ ក្រោយរលំដំបូលសង្កត់លើ។ ដំបូលរបស់វិហារមួយក្នុងក្រុងក៏បានបាក់ដែរ។ 

ក្រោយរងគ្រោះរញ្ជួយដីកាលពីថ្ងៃអាទិត្យ អភិបាលក្រុងបានជំរុញឱ្យប្រជាជនត្រឡប់ទៅផ្ទះវិញ ដោយបារម្ភខ្លាចឆ្លងជំងឺកូរ៉ូណា។ 

រញ្ជួយដីកម្រិត ៥,៣ រិច្ឆទ័រ គឺជារញ្ជួយដីធំបំផុត ដែលធ្លាប់វាយប្រហារទីក្រុងនេះក្នុងរយៈពេល ១៤០ ឆ្នាំមកនេះ។ 

ប្រជាជនភិតភ័យជាច្រើននាក់បាននាំគ្នារត់ចេញមកលើដងផ្លូវ នៅពេលរញ្ជួយដីវាយប្រហារនៅម៉ោង ៦ ព្រឹកម៉ោងក្នុងស្រុក។ 

រដ្ឋមន្ត្រីមហាផ្ទៃ លោក Davor Bozinovic និយាយថា "រក្សាគម្លាតពីគ្នា។ កុំប្រមូលផ្តុំគ្នា។ យើងកំពុងប្រឈមវិបត្តិធ្ងន់ធ្ងរពីរ គឺរញ្ជួយដី និង ជំងឺកូរ៉ូណា"។​

ទោះយ៉ាងណា អភិបាលក្រុង លោក Milan Bandic និយាយថា ប្រជាជនគួរវិលត្រឡប់ទៅផ្ទះវិញ។ 

ក្រូអាស៊ីមានករណីឆ្លងកូវីដ ១៩ ចំនួនជាង ២០០ នាក់ហើយគិតត្រឹមថ្ងៃអាទិត្យ៕ ប្រភព៖ BBC

 

adverise with khmeread