យុវជន២នាក់ចេញពីទីតាំងផឹកស៊ី ត្រូវជនពាលតាមដេញវាយស្លាប់ម្នាក់

ភ្នំពេញ​ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសស្រាល ដោយសារជនពាលមួយក្រុមវាយរួចបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ នៅចំណុចទល់មុខ​សាលាមត្តេយ្យ​វត្តកោះ ចម្ងាយប្រហែល៣០ម៉ែត្រ​ ពីប៉ុស្តិ៍ផ្សារថ្មី៣​ លើផ្លូវលេខ៦៣​ កែងផ្លូវលេខ១៧៤​ ស្ថិតក្នុងសង្កាត់បឹងរាំង​ ខណ្ឌដូនពេញ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះ​ឈ្មោះ តាំង ម៉េងហួត អាយុ២៥ឆ្នាំ ធ្វើការ​នៅហាង​អ៊ីនធឺណែត នៅម្ដុំទឹកល្អក់ទី៣​ ស្នាក់នៅម្ដុំបឹងសាឡាង​ ជាអ្នកជិះពីក្រោយបានបាត់បង់ជីវិត, ចំណែកអ្នកឌុបរងរបួសស្រាល។ អ្នកទាំង២ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ  ពាក់ស្លាកលេខ ភ្នំពេញ 1BI-8720។ ចំណែកក្រុមជនបង្ក មានចំនួនច្រើននាក់ ជិះម៉ូតូ៣គ្រឿងគេចខ្លួនបាត់។ 

តាមសម្តីជនរងគ្រោះម្នាក់ដែលនៅសល់ជីវិតបានប្រាប់ថា ដំបូងជនរងគ្រោះបានផឹកស៊ី​នៅកន្លែងលក់ស្រាក្រឡុកនៅម្ដុំផ្សារសូរិយាម៉ល​ ខណ្ឌដូនពេញ។ លុះផឹកស៊ីបានមួយសន្ទុះជនរងគ្រោះដែលស្លាប់ បានទាស់សម្ដីជាមួយ​ភាគីក្រុមជនបង្កដោយមិនដឹងមូលហេតុអ្វីទេ រួចទូរស័ព្ទមកប្រាប់ឱ្យរូបគាត់ជិះម៉ូតូមកយកដើម្បីចាកចេញទៅផ្ទះវិញ។ 

ប្រភពបន្តថា ខណៈកំពុងជិះម៉ូតូចាកចេញ​ស្រាប់តែលេចមុខ ក្រុមជនបង្ក​ជាច្រើននាក់ ជិះម៉ូតូ៣គ្រឿង ​តាមមកពីក្រោយ​ប្រដាប់ដោយដុំថ្ម​និងឈើជ្រុង បានជិះបំបុកម៉ូតូគាត់ បណ្ដាលឱ្យដួល ហើយក្រុមជនបង្ក​ បានព្រួតវាយជនរងគ្រោះ​ និងស្រែកសម្លុតរូបគាត់ មិនឱ្យចូលជួយ​បើហ៊ាននឹងវាយទាំងអស់។​ 

បន្ទាប់ពីយ៉ាងសន្ធប់ឆ្អែតចិត្តរួចហើយ ពួកក្រុមជនបង្ក បាននាំគ្នាជិះរត់គេចបាត់អស់​។ ក្រោយមករថយន្តសង្រ្គោះបានមកដល់ បំណងយកជនរងគ្រោះ ទៅសង្រ្គោះតែកម្មអកុសល បានដាច់ដង្ហើមស្លាប់ទៅហើយ។ 

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍បឹងរាំង បានមកដល់ ក៏នាំជនរងគ្រោះ ទៅប៉ុស្តិ៍សួរនាំ ដើម្បីកំណត់មុខសញ្ញាតាមចាប់ក្រុមជនសង្ស័យ៕ 


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16