ផ្ទុះគម្របស៊ីទែនស្តុកប្រេងឥន្ទនៈក្រោមដីមួយកន្លែងបង្កជាអណ្តាតភ្លើងឆេះរបួស៣នាក់

បន្ទាយមានជ័យ ៖ មនុស្ស៣នាក់បានរងរបួស ក្នុងហេតុការណ៍ផ្ទុះគម្របស៊ីទែនស្តុកប្រេងឥន្ទនៈក្រោមដីមួយកន្លែងបង្កជាអណ្តាតភ្លើងកើតឡើងនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៣ និង៥០នាទី រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០។

ប៉ូលិសនិយាយថា មានករណីផ្ទុះគម្របស៊ីទែនស្តុកប្រេងឥន្ទនៈក្រោមដីក្នុងស្ថានីយ៍មួយកន្លែងដែលមានម្ចាស់ឈ្មោះ ជា លី ភេទប្រុស អាយុ៦៨ឆ្នាំ នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបង្កចេញជាអណ្តាតភ្លើង។ ភ្លាមនោះកម្លាំងប៉ូលិសជំនាញពន្លត់អគ្គីភ័យនាំយករថយន្តពន្លត់អគ្គីភ័យ១គ្រឿង និងកម្លាំងប៉ូលិសក្រុងសិរីសោភ័ណ សហការជាមួយកងកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងប្រតិបតិ្តការសិករងខេត្ត ចុះជួយអន្តរាគមន៍ជួយពន្លត់ភ្លើង និងជួយសង្រ្គោះអ្នករងរបួសចំនួន៣នាក់យកទៅសង្រ្គោះនៅមន្ទីរពេទ្យ។

ប៉ូលិសបន្តថា ជនរងគ្រោះ៣នាក់រួមមាន ១-ឈ្មោះ គឺម ផ្លា ភេទប្រុស អាយុ៤៩ឆ្នាំ, ២-ឈ្មោះ ឌុច ចាន់ហេង ភេទប្រុស អាយុ២០ឆ្នាំ ទាំង២នាក់ ជាកូនប្រសាររបស់ម្ចាស់ស្ថានីយ៍ និង៣-ឈ្មោះ សាន វីរៈពីទូ ភេទប្រុស អាយុ១២ឆ្នាំ ​ត្រូវជាចៅ។

តាមការសាកសួរជុំវិញករណីផ្ទុះគម្របស៊ីទែននេះ គឺដំបូងកូនប្រសាររបស់ឈ្មោះ គឹម ផល្លា និងចៅប្រុសឈ្មោះ ឌុច ចាន់ហេង បានបូមប្រេងពីឡានដឹកប្រេងដាក់ក្នុងស៊ីទែនស្តុបប្រេងក្រោមដី។ ពេលដែលកំពុងបូមស្រាប់តែឮសម្លេងផ្ទុះចេញពីម្ខាងរបងហើយខ្ទាតផ្កាភ្លើង ឆាបក្លាយជាអណ្តាតភ្លើង និងបណ្តាលឱ្យផ្ទុះស៊ីទែនប្រេងក្រោមដីដែលកំពុងបញ្ជូលប្រេង។

ភ្លាមនោះកូនប្រសាររបស់គាត់ឈ្មោះ ផល្លា បានរត់ទៅបិតក្បាលរ៉ូមីនេប្រេងដើម្បីកុំឱ្យឆាបឆេះកាន់តែខ្លាំង និងប្រើបំពង់ឧស្ម័នបាញ់ពន្លត់បាញ់ រហូតរងរបួសខ្លួនឯងធ្ងន់ធ្ងរ និងរបួសកូនប្រុសម្នាក់ទៀតឈ្មោះ ហេង ហើយនិងចៅប្រុសម្នាក់ឈ្មោះ សាន វីរៈពីទូ ត្រូវបានបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជន តែដោយអាការៈរបួសធ្ងន់ធ្ងរក៏បន្តបញ្ជូនទៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន នៅស្រុកមង្គលបូរី។

ភ្លាមនោះ ខាងគ្រោះអគ្គីភ័យបានបាញ់ទឹកពន្លត់អស់១រថយន្តទើបគ្រប់គ្រងស្ថានការណ៍នោះបានមិនបង្ករាលដាលទៅផ្ទះអ្នកជិតខាង។ ចំពោះមូលហេតុបង្កឱ្យមានការផ្ទុះគម្របស៊ីទែនស្តុកប្រេងនេះគឺបណ្តាល​មកពីការធ្វេសប្រហែសរបស់ម្ចាស់ស្ថានីយ៍ ដែលគ្រប់គ្រងប្រេងស្តុកនោះខ្វះលក្ខណៈបច្ចេកទេស៕

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81