ព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្ត្រថៃម្នាក់ព្រមានប្រជាជនថា "នៅផ្ទះ ឬ ចង់បានបទពិសោធន៍ឆ្លងកូវីដ១៩ដូចនៅអ៊ីតាលី"

ព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្ត្រនៃមន្ទីរពេទ្យ Siriraj របស់សាកលវិទ្យាល័យ Mahidol បានព្រមានកាលពីថ្ងៃចន្ទ ទី២៣ មីនាថា ប្រជាជនត្រូវតែស្នាក់នៅផ្ទះនិងកុំប៉ះពាល់គ្នា បើមិនដូច្នោះទេប្រទេសថៃនឹងក្លាយដូចជាប្រទេសអ៊ីតាលី កន្លែងដែលអ្នកជំងឺកូរ៉ូណាមានចំនួនច្រើនហួសពីធនធានវេជ្ជសាស្ត្រ និង បុគ្គលិកពេទ្យត្រូវសម្រេចចិត្តថាតើអ្នកជំងឺណាត្រូវទទួលបានការព្យាបាល។ នេះយោងតាមកាសែត Bangkokpost។

លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Prasit Watanapa បានចេញផ្សាយការដាស់តឿនឱ្យប្រុងប្រយ័ត្នតាមរយៈបណ្តាញទូរទស្សន៍អនឡាញរបស់សាកលវិទ្យាល័យ។

លោកបាននិយាយថា ចំនួនអ្នកជំងឺកូរ៉ូណាថ្មី (កូវីដ១៩) នៅក្នុងប្រទេសថៃកំពុងតែកើនឡើងដូចអ្នកជំងឺនៅអឺរ៉ុប ដែលមិនអាចគ្រប់គ្រងជំងឺនេះបាន។

លោកបានស្តីបន្ទោសស្ថានការណ៍នេះទៅលើប្រជាជនដែលបានទៅទស្សនាកន្លែងដែលចម្លងរាលដាលមេរោគនេះ ដូចជា កន្លែងប្រដាល់ និង ហាងស្រា ហើយបដិសេធមិនដាក់ខ្លួនឯងឱ្យនៅឯកោ។

បណ្តាប្រទេសជាច្រើន ដែលមិនអាចគ្រប់គ្រងជំងឺនេះបាន បានឃើញករណីកូវីដ១៩កើនឡើងពី ១០០ ទៅ ២០០ ក្នុងរយៈពេលបីថ្ងៃ។ លោក Prasit និយាយថា ការកើនឡើងនៅក្នុងប្រទេសថៃគឺត្រូវប្រើពេល ៣,៥ ថ្ងៃ។

លោកនិយាយថា "ប្រសិនបើយើងមិនធ្វើអ្វីសោះ យើងនឹងក្លាយជាប្រទេស ដែលមិនអាចគ្រប់គ្រងជំងឺបាន"។ 

ចំនួនករណីកូវីដ១៩នៅប្រទេសថៃបានកើនឡើង ៣៣ ភាគរយរាល់ថ្ងៃ។ លោកដុកទ័រ Prasit និយាយថា នៅអត្រានេះ ចំនួននៃការឆ្លងអាចនឹងកើនឡើងប្រហែល ៣៥០.០០០ នាក់ និងស្លាប់សរុបប្រហែល ៧.០០០ នាក់នៅត្រឹមថ្ងៃទី១៥មេសា។ 

ចំនួនអ្នកឈឺធ្ងន់ធ្ងរនៅគ្រានោះនឹងឡើងដល់ប្រហែល ១៧.០០០ នាក់ ហើយវានឹងធ្វើឱ្យចំនួនអ្នកឈឺមានច្រើនជាងធនធានពេទ្យរបស់ថៃ។

លោក Prasit និយាយថា "វាអាចនឹងក្លាយជាស្ថានភាពដូចនៅអ៊ីតាលី។ នៅពេលនោះ ការសម្រេចចិត្តនឹងត្រូវធ្វើឡើង ថាគួរព្យាបាលអ្នកណា ឬមិនព្យាបាលអ្នកណា។ ខ្ញុំមិនចង់ឱ្យរឿងនេះកើតឡើងទេ"៕ ប្រភព៖ Bangkokpost

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16