ឃាត់ជនសង្ស័យ៤នាក់ពាក់ព័ន្ធគ្រឿងញៀននៅក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ ជនសង្ស័យ៤នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនជាមួយថ្នាំញៀន១០កញ្ចប់ ខណៈកំពុងធ្វើសកម្មភាពជួញដូរ និង ប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង៥ និង២៥នាទីល្ងាច នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នៅសង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង។ 

ប៉ូលិសនិយាយថា ជនសង្ស័យទាំង៤នាក់រួមមាន ១-ឈ្មោះ ចេង ច័ន្ទមុន្នី ភេទប្រុស អាយុ២២ឆ្នាំរស់នៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង (ជួញដូរ), ២-ឈ្មោះ ពេញ វណ្ណៈ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅសង្កាត់ផ្សារឆ្នាំង, ៣-ឈ្មោះ ធានី វិជ្ជា ភេទប្រុស អាយុ២៨ឆ្នាំរស់នៅសង្កាត់ប្អេរ និង ៤-ឈ្មោះ ពួន ម៉ៅ ភេទប្រុសអាយុ២៥ឆ្នាំ សង្កាត់ប្អេរ ជនសង្ស័យ៣នាក់ក្រោយនេះជាអ្នកប្រើប្រាស់។

ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ូលិសជំនាញបានទទួលព័ត៌មាន ស្តីពីការណាត់ជួបគ្នារបស់ក្រុមជនសង្ស័យ ពេលនោះប៉ូលិសជំនាញបានសហការជាមួយប៉ូលិសក្រុងកំពង់ឆ្នាំង បានចុះប្រតិបត្តិការដល់ទីតាំងនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ធ្វើការចុះព័ទ្ធចាប់តែម្តង ខណៈដែលជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរ និង ប្រើប្រាស់សារធាតុញៀនខុសច្បាប់។

ប៉ូលិសបន្តទៀតថា កិច្ចប្រតិបត្តិការនេះប៉ូលិសដកហូតវត្ថុតាងថ្នាំញៀនចំនួន ១០កញ្ចប់, ទូរស័ព្ទ១គ្រឿង, ដាវ១ដើម, អាវុធកែច្នៃ ១ដើម និងឧបករណ៍វេចខ្ចប់ សម្រាប់ជក់មួយចំនួន។ ក្រោយពីបានឃាត់ខ្លួនប៉ូលិសបានធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16