adverise with khmeread 1

ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ទទួលស្គាល់​ថា​ «​ការផលិត​ស្រូវ​អង្ករ​របស់​ក្រុមហ៊ុន​កសិកម្ម​អេង ឌី​ប៉ូ​អនុវត្តបាន​តាម​ស្តង់ដារ​» (មានវីដេអូ)

    ភ្នំពេញ ៖ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មានប្រសាសន៍​ថា​នៅ​ថ្ងៃ​អ​នា​គត​ការផលិត​ស្រូវ​នៅ​កម្ពុជា​តាមបែប​ទំនើបកម្ម​នឹង​ជំរុញ​ដល​ការប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​ក្នុងការ​នាំចេញ ទៅ​ក្រៅប្រទេស​ក្នុងនោះ​ប្រជាកសិករ​ដែលជា​អ្នកប្រាជ្ញ​គឺ​លោក​ស្គាល់​ច្បាស់​ពី​ការរៀបចំ​ស្ថានភាព​ដីនិង​សម្រាំង​ពូជ​សុទ្ធ​ការរៀបចំ​ប្រព័ន្ធ​ទឹក សម្រាំង​ពូជ​ល្អៗ​ថ្មីៗ​ដែលមាន​គុណភាព​ខ្ពស់។​

     លោក សុខ ពុ​ទ្ធី​វុ​ធ​​ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា មានប្រសាសន៍​លើកឡើង​ខាងលើនេះ​ក្នុងឱកាស​ចុះទៅពិនិត្យ​មើល​ការ​ច្រូតកាត់​ប្រមូល​ផលស្រូវ​រដូវប្រាំង​បន្ត​ជំហាន​ទី​១​ដែលជា​ប្រភេទ​ស្រូវ​ក្រអូប​ធម្មជាតិ​គ្មាន​ជាតិគីមី​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​ក្រៅប្រទេស​ប្រមាណ​មួយ​ពាន់​ហិកតា​មានទីតាំង​ស្ថិតនៅ​ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល កាលពី​ថ្ងៃទី​២៦​មីនាឆ្នាំ​២០១៦ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​កសិកម្ម​អេង ឌី​ប៉ូ​អភិវឌ្ឍន៍
ផ្ទាល់​។​

  ​​    លោក សុខ ពុ​ទ្ធី​វុ​ធ មានប្រសាសន៍​កោតសរសើ​រ​ដល់​ក្រុមហ៊ុន​អេង ឌី​ប៉ូ​អភិវឌ្ឍន៍​ដែល​បានរៀបចំ​ដីស្រែ​បានល្អ មាន​របៀប​បច្ចេកទេស​ទំនើប​ហើយមាន​ផ្ទៃដី​ធំធេង ដោយ​ពិនិត្យឃើញថា មានការ​រៀបចំ​ដី​មាន​ជីជាតិ​ល្អ សម្រាំង​ពូជ​ល្អៗ​ថ្មីៗ​គួរឱ្យកត់សម្គាល់​មាន​លក្ខណៈ​ស្តង់ដារ​។ លោក​ប្រធានសហព័ន្ធ​យល់ឃើញថា ទៅ​ថ្ងៃ​អ​នា​គត់​ការធ្វើ​ស្រែ​តាម​ប្រព័ន្ធ​ទំនើប​ដោយមាន​យន្តហោះ តាមរយៈ​អាយ​ធី ធ្វើឱ្យ​ដី​រក្សាបាន​នូវ​សក្តានុពល​កាន់តែ​ល្អ ដោយ​ប្រើ​ជីគីមី​តិចតួច​។​

      លោក សុខ ពុ​ទ្ធី​វុ​ធ បន្តថា ការនាំយក​រូបមន្ត​ល្អៗ​មក​ប្រើ យើង​អាច​ដាំ​ដំណាំ​ផ្សេងទៀត​នៅទីនេះ ហើយ​ការនាំ​ផលិតផល​ចេញទៅ​ក្រៅប្រទេសមានការ​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ។ ការងារ​ខាងលើនេះ​ក៏ត្រូវ​មានការ​រែកពុន​ទាំងអស់គ្នា គឺ​ទាំង​កសិករ​ទាំង អ្នកបច្ចេកទេស​ពូជ រោង​ម៉ាស៊ីនកិនស្រូវ ផលិត​ស្រូវពូជ​ល្អៗ​ដើម្បី​វាយលុក​លើ​ទីផ្សារ​ជាតិ​និង​អន្តរជាតិ​។ ប្រសិន​មានការ​ខ្វះខាត​បច្ចេកទេស​ឬ​បញ្ហា​អ្វីមួយ​សូម​សមាជិកសហព័ន្ធ​ទាំងអស់​ផ្តល់ដំណឹង​មក​ក្រុមប្រឹក្សាភិបាល​រក​ដំណោះស្រាយ​ជាបន្ទាន់​។​

      លោក​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​សមាជិក​ទាំងអស់​ចេះ​រួបរួមសាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ជួយ​គ្នា ដោយ​អាច​ទុកចិត្ត​គ្នា​បាន ហើយ​មានការ​សហការ​ពី​អន្តរជាតិ យើង​ត្រូវ​ដើរ​តាម​ផ្លូវត្រូវ មាន​ភាពកក់ក្តៅ ធ្វើយ៉ាងណា​ទៅ​ថ្ងៃ​អនាគត​ឱ្យ​ការផលិត​ស្រូវ​បែប​ធម្មជាតិ​ក្លាយជា​ប្រទេស​គំរូ​ក្នុង​តំបន់​។​

       ជាមួយគ្នានេះដែរ​លោក​តាំង សុខ​ឃី​​ ក្នុងនាម​ជា​អ្នកតំណាង​ក្រុម​ហ៊ុន​កសិកម្ម​អេង ឌី​ប៉ូ​អភិវឌ្ឍន៍​និង​ជា​សមាជិក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានសម្ដែង​នូវ​ការ​អរគុណ​ចំពោះ​គណៈ​ប្រតិភូ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ដែល​បាន​គាំទ្រ​និង​ផ្ដល់នូវ​ការលើកទឹកចិត្ត​ដល់​ដំណើរ​ការផលិត​ស្រូវ​អង្ករ​របស់ក្រុមហ៊ុនកសិកម្ម អេង ឌី​ប៉ូ​អភិវឌ្ឍន៍​នៅ​ ឃុំ​កំពង់​អុស​​ ​ដែល​បាន​ដំណើរ​​​ការផលិត​ស្រូវ​ក្រអូប​បែប​ធម្មជាតិ​រយៈពេល​១០​ឆ្នាំមកនេះ​ហើយ​ក្រុម​ហ៊ុន​នឹង
​ខិតខំ​ប្រឹងប្រែង​អនុវត្តន៍​លើ​ការងារ​កសិកម្ម​ដំណាំ​ស្រូវ​គ្មាន​ជាតិគីមី​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាលក្នុងការ​ចូលរួម​ជំរុញ​ការនាំ​អង្ករ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​មួយឆ្នាំ​១​លាន​តោន​នោះ​តែម្ដង៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់