ឃាត់បុរសម្នាក់ស្ទាក់វាយ២នាក់បងប្អូនរងរបួសដោយគ្មានមូលហេតុនៅសង្កាត់គោកឃ្លាង

ភ្នំពេញ ៖ បុរសម្នាក់ចំណោមបក្ខពួកពីរនាក់ ត្រូវបានកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងឃាត់ខ្លួន ក្រោយពីបានជិះម៉ូតូមួយគ្រឿងដេញស្ទាក់វាយយុវជនពីរនាក់បងប្អូនកំពុងជិះម៉ូតូ​​ បណ្តាលឱ្យរងរបួសធ្ងន់​ស្រាលស្ថិតនៅចំណុចខាងលិចការ៉ាសសាំងតូតាល់តាមបណ្ដោយផ្លូវលេខ១៩៦២ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២០។

សមត្ថកិច្ចនិយាយថា ជនដៃដល់ឈ្មោះ មាស សារ៉ូ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបុគ្គលិកធ្វើការនៅក្រុមហ៊ុនមួយ មានស្រុក​កំណើតភូមិឃ្លាំងសាំង​ សង្កាត់- ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ បក្ខពួកម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណជិះម៉ូតូគេចខ្លួនបាត់។

ចំណែកជនរងគ្រោះទី១-ឈ្មោះ ឡេង សុខខុន ភេទប្រុស អាយុជាង ៣០ ឆ្នាំ មុខរបរជាងបាញ់ថ្នាំឡាន ស្នាក់នៅក្បែរកន្លែងកើតហេតុជាបងរងរបួសធ្ងន់ និងទី២-ឈ្មោះ ឡេង សុខណាក់ ភេទប្រុស អាយុ ១៨ ឆ្នាំ​ មុខរបរដូចគ្នា​ស្នាក់នៅជាមួយគ្នា ជាប្អូនរងរបួសស្រាល។

ជនរងគ្រោះបានបំភ្លឺដល់សមត្ថកិច្ចថា ដំបូងរូបគាត់ពីរនាក់បងប្អូន​បានជិះម៉ូតូមួយគ្រឿងម៉ាក zoomer- x ពណ៌ខ្មៅលាយទឹកក្រូច​ពាក់ស្លាកលេខ ភ្នំពេញ1DF-4407 ចេញពីកន្លែងធ្វើការនៅម្ដុំទំនប់កប់ស្រូវ​ក្នុងខណ្ឌព្រែកព្នៅ បំណងត្រឡប់មកផ្ទះវិញដោយធ្វើដំណើរតាមបណ្តោយផ្លូវ ១៩៦២ ទិសដៅពីលិចទៅកើត​។ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែ​លេចមុខបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក pcx ពណ៌សមិនចាំស្លាកលេខ​បានមកពីក្រោយ ហើយបានស្ទាក់ម៉ូតូរូបគេពីរនាក់បងប្អូនឱ្យឈប់។

បន្ទាប់មកបុរសទាំងពីរនាក់ខាងលើ បានសួរនាំទៅលើរូបគេថាដូចជាស្គាល់អូនឯងទាំងពីរនាក់ ភ្លាមៗ​នោះរូបគេទាំងពីរនាក់បងប្អូនមិនទាន់បានឆ្លើយតបវិញផង ស្រាប់តែ​បុរសដែលជាជនដៃដល់ម្នាក់ នៅអង្គុយខាងក្រោយបានលោតមកដាល់បងប្រុស​របស់គេបីដៃដួលនិងរបូតមួកសុវត្ថិភាពចេញពីក្បាល​។ ស្រាប់តែជនដៃដល់បានរើសមួកបងប្រុសរបស់គាត់យកមកវាចំផ្ទៃមុខមួយមួកថែមទៀត បណ្តាលឱ្យរងរបួសធ្ងន់សន្លប់ស្តូកស្តឹងនៅនឹងកន្លែង ខណៈនោះដែរ​ក៏ប្រទះនឹងសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ និងឃាត់ខ្លួនបានជនដៃដល់នៅកន្លែងកើតហេតុម្នាក់ ឯបក្ខពួកម្នាក់ទៀតបាន​ឡើងជិះម៉ូតូគេចខ្លួនបាត់។

ចំណែកជនរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋលើកដាក់តាមម៉ូតូកង់បីយកទៅសង្គ្រោះនៅពេទ្យឯកជនមួយកន្លែង ដោយសាររងរបួសធ្ងន់ធ្ងរពេកត្រូវបាន​បញ្ជូនបន្តទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត។

សមត្ថកិច្ចបាននាំខ្លួនជនដៃដល់និងជនរងគ្រោះមក​ដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង។ ចំណែកជន​ដៃដល់សមត្ថកិច្ចធ្វើកំណត់ហេតុរួចបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

 

adverise with khmeread