ព្រឹទ្ធសភាអាមេរិកអនុម័តកញ្ចប់ថវិកាសង្គ្រោះ ២ លានលានដុល្លារ ខណៈពលរដ្ឋស្លាប់ដោយសារកូវីដ១៩កើនឡើងដល់ខ្ទង់ ១០០០ នាក់

យោងតាមសកលវិទ្យាល័យ  Johns Hopkins University បានឱ្យដឹងថា ចំនួនអ្នកស្លាប់ទូទាំងសកលលោកដោយសារវីរុសកូរ៉ូណា បានកើនឡើងហួសចំនួន ២១.០០០នាក់គិតត្រឹមថ្ងៃពុធទី២៥មីនា ហើយតួលេខនៃអ្នកឆ្លងកូវីដ១៩នៅទូទាំងពិភពលោកបានកើនឡើងជិត ៤៧១.០០០នាក់។ ចំណែកនៅសហរដ្ឋអាមេរិក មនុស្សជាង ៦៨.៥០០នាក់ធ្វើតេស្តវិជ្ជមានកូវីដ១៩ និងមនុស្សជាង ១.០០០នាក់បានស្លាប់ដោយវីរុសមួយនេះ។

អភិបាលរដ្ឋញូវយ៉កលោក Andrew Cuomo បាននិយាយថា ករណីឆ្លងច្រើនជាង ៣០.០០០ ករណី ត្រូវបានរាយការណ៍គិតត្រឹមតែនៅក្នុងរដ្ឋរបស់គាត់មួយគត់ ដោយបន្ថែមថា "យើងនឹងមានករណីឆ្លងខ្ពស់ថែមទៀត"។

ទន្ទឹមនឹងនេះ ព្រឹទ្ធសភាអាមេរិកកាលពីយប់ថ្ងៃពុធបានអនុម័តកញ្ចប់ថវិកាសង្គ្រោះចំនួន ២ លានលានដុល្លារ ដើម្បីជួយកម្មករ អាជីវកម្ម និងប្រព័ន្ធសុខាភិបាលអាមេរិក ដែលកំពុងទប់ទល់នឹងវីរុសដែលកំពុងផ្ទុះឡើងយ៉ាងខ្លាំងនេះ។ កញ្ចប់ថវិកាដ៏ច្រើនមិនធ្លាប់មានពីមុននេះនឹងត្រូវបង់ទៅដោយផ្ទាល់ដល់ដៃពលរដ្ឋអាមេរិកភាគច្រើនបំផុត បង់ទៅខាងអត្ថប្រយោជន៍គ្រាអត់ការងារធ្វើ ឥណទានធានារ៉ាប់រងចំពោះក្រុមហ៊ុនខ្នាតតូច និង ជំនួយដល់អាជ្ញាធរតាមបណ្តារដ្ឋនិងមូលដ្ឋាន៕

adverise with khmeread