អ្នកស្ម័គ្រចិត្ត ១០៨ នាក់ចូលខ្លួនមកចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងការសាកល្បងលើកដំបូងលើមនុស្សនៅទីក្រុងវូហាន, ១៤ ថ្ងៃទៀតទើបដឹងលទ្ធផល

នៅទីនោះប្រហែលមានអ្នករាគផង ឡើងកម្ដៅផង និងភ័យខ្លាចផង ប៉ុន្ដែមនុស្ស ១០៨ នាក់មកពីវូហានអាចមានមោនភាពក្នុងការនិយាយថា សប្ដាហ៍នេះពួកគេក្លាយជាមនុស្សដំបូងបង្អស់នៅក្នុងប្រទេសចិនដែលបានចាក់វ៉ាក់សាំងមួយសម្រាប់ប្រឆាំងវីរុសកូរ៉ូណាថ្មី។

ការសាកល្បងវ៉ាក់សាំងថ្មីនេះកំពុងដំណើរការនៅទីក្រុងវូហានភាគកណ្តាលប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ ពោលទើប៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនឱសថ CanSino Biologics ដែលផលិតវ៉ាក់សាំងក្នុងកិច្ចសហការជាមួយនឹងយោធាចិន បានទទួលភ្លើងខៀវពីរដ្ឋាភិបាលក្រុងប៉េកាំង។

យោងតាមព័ត៌មានចេញផ្សាយនៅលើបញ្ជីសាកល្បងព្យាបាលរបស់ចិន អ្នកស្ម័គ្រចិត្តអាយុពី ១៨ ដល់ ៦០ ឆ្នាំ និងមានសុខភាពល្អ ត្រូវបានចែកចេញជាបីក្រុមដែលមានគ្នា ៣៦ នាក់ និងបន្ទាប់មកចាក់វ៉ាក់សាំងពីកម្រិតស្រាល មធ្យម និងខ្លាំង នៅមណ្ឌលព្យាបាលរបស់កងកម្លាំងប៉ូលិសប្រដាប់អាវុធរបស់ក្រុងវូហានដោយផ្ទាល់តែម្ដង។

យោងតាមរបាយការណ៍ Science Daily លោក Wang Junzhi សមាជិកម្នាក់នៅបណ្ឌិត្យសភាវិស្វកម្មចិននិយាយថា បន្ទាប់ពីការចាក់វ៉ាក់សាំងរួច អ្នកស្ម័គ្រចិត្តត្រូវចំណាយពេល ១៤ ថ្ងៃដាក់នៅដាច់ដោយឡែកក្រោមការអង្កេតរបស់គ្រូពេទ្យ។

ចិននិងអាមេរិកកំពុងនាំមុខគេលើការប្រណាំងប្រជែងផលិតវ៉ាក់សាំងសម្រាប់ជំងឺកូវីដ១៩ ដោយចិនបានណែនាំមុនគេឱ្យយោធាចិនចេញមុខជួយពេញទំហឹងលើការផលិតវ៉ាក់សាំង៕  ប្រភព៖ South China Morning Post