អាល្លឺម៉ង់នឹងតេស្តរកមើលកូវីដ១៩លើមនុស្ស២០ម៉ឺននាក់ក្នុងមួយថ្ងៃដើម្បីចម្លងគំរូជោគជ័យពីកូរ៉េខាងត្បូង

អាល្លឺម៉ង់គ្រោងនឹងធ្វើតេស្តមនុស្សចំនួន ២០០.០០០ នាក់ក្នុងមួយថ្ងៃដើម្បីរកមើលជំងឺកូវីដ១៩ក្នុងក្តីសង្ឃឹមនៃការចម្លងភាពជោគជ័យរបស់កូរ៉េខាងត្បូងក្នុងការបន្ថយការរីករាលដាលនៃជំងឺនេះ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃចន្ទទី៣០មីនា។

រដ្ឋាភិបាលរបស់លោកស្រី Angela Merkel ចង់ធ្វើតេស្តរាល់ករណីសង្ស័យទាំងអស់ និង វដ្តទាំងស្រុងនៃមនុស្ស ដែលបានទាក់ទងជាមួយអ្នកជំងឺដែលបានបញ្ជាក់។

ប្រមុខគ្រប់គ្រងជំងឺរបស់អាល្លឺម៉ង់និយាយថា កូរ៉េខាងត្បូងអាចជាគំរូមួយហើយអាចផ្តល់នូវគំរូនៃរបៀបប្រើប្រាស់ការតាមដានតាមរយៈ App ទូរស័ព្ទចល័តដើម្បីទប់ស្កាត់វីរុសកូរ៉ូណា។

អាល្លឺម៉ង់បានធ្វើតេស្តលើសពីបណ្តាប្រទេសអឺរ៉ុបនានារួចទៅហើយក្នុងអត្រារហូតដល់ ៥០០.០០០ នាក់ក្នុងមួយសប្តាហ៍ ប៉ុន្តែគម្រោងចុងក្រោយនេះនឹងបង្កើនសមត្ថភាពតេស្តលើសនេះទ្វេដង។

គួរបញ្ជាក់ថា កូរ៉េខាងត្បូងអាចគ្រប់គ្រងជំងឺកូវីដ១៩ដោយជោគជ័យមិនចាំបាច់បិទទីក្រុងធំៗ ដោយសាររដ្ឋាភិបាលបានបញ្ជាឱ្យក្រុមហ៊ុនជាច្រើនផលិតឧបករណ៍ធ្វើតេស្តត្រៀមលក្ខណៈជាមុនរាប់ម៉ឺនឈុតក្នុងមួយថ្ងៃតាំងពីដើមខែមករា។ ក្រោយមក នៅពេលដែលកូរ៉េខាងត្បូងមានករណីកូវីដ១៩លើកដំបូងភ្លាម ការធ្វើតេស្តតាមរូបមន្ត Drive-through បានធ្វើឡើងទូទាំងប្រទេសភ្លែត ដោយមួយថ្ងៃធ្វើតេស្តមនុស្សជាង២០.០០០នាក់ និងមានកន្លែងធ្វើតេស្តជាង៦០០ទីតាំងនៅទូទាំងប្រទេសដែលមានប្រជាជន ៥១លាននាក់នេះ។ 

លើសពីនេះទៀត អ្នកជំនាញបច្ចេកវិជ្ជាកូរ៉េបានផលិត App ភ្លាមៗដើម្បីត្រៀមទប់នឹងកូវីដ១៩ ដោយបញ្ចូលរាល់ទិន្នន័យអ្នកឆ្លងកូវីដ និង អ្នកសង្ស័យចូលទៅក្នុង App ជាស្រេច ងាយស្រួលឱ្យប្រជាជនបើកមើលដើម្បីដឹងថាតំបន់និងទីតាំងណាមានអ្នកឆ្លងខ្លះ។ កូរ៉េខាងត្បូងមានអ្នកឆ្លងកូវីដ១៩ចំនួន ៩៦៦១ នាក់ និងស្លាប់ ១៥៨ នាក់គិតត្រឹមថ្ងៃទី២៩ មីនា៕ ប្រភព៖ Daily Mail និង BBC

 

adverise with khmeread