រថយន្តបើកបុកម៉ូតូស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ហើយរថយន្តបើករត់បាត់, តែបន្សល់ស្លាកលេខ

ភ្នំពេញ​ ៖ បុរសម្នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈជិះម៉ូតូឌុបគ្នាឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្នត្រូវថយន្តមកបុកពីក្រោយពេញទំហឹង​ កាលពីវេលាម៉ោង៩និង១៩នាទីយប់ ថ្ងៃចន្ទ ទី៣០ ខែមីនា​ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ 58P​ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

​សមត្ថកិច្ចនិយាយថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ប៉ែន សូលី ភេទប្រុស​ អាយុ៣៨ឆ្នាំ ជាងសំណង់ មានស្រុកកំណើត ខេត្តបាត់ដំបង និងអ្នករងរបួសធ្ងន់ ឈ្មោះ ឡូង វន ភេទប្រុស អាយុ៤២ឆ្នាំ ជាងសំណង់ មានស្រុកកំណើត នៅខេត្តព្រៃវែង ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FF-0399។ ចំណែកឯរថយន្ត ម៉ាកធុនត្រា ពណ៌ខ្មៅ ពាក់ស្លាកលេខ 2BA-9111 រត់បាត់បន្សល់តែស្លាកលេខ នៅកន្លែងកើតហេតុ។

​តាមប្រភពបានឱ្យដឹងថា​ ដំបូងអ្នករងគ្រោះទាំង២នាក់ត្រូវជាបងថ្លៃនិងប្អូនថ្លៃនឹងគ្នា បានមកលេងគាត់ដែលត្រូវជាបង នៅម្ដុំក្បែរកន្លែងកើតហេតុតាំងពីក្បាលព្រលប់​។ លុះដល់ម៉ោងកើតហេតុ ពួកគេក៏បាននាំគ្នាចេញទៅផ្ទះវិញ​ តាមបណ្ដោយ ផ្លូវបេតុងពីជើងទៅត្បូង។

ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តបង្កធ្វើដំណើរ តាមបណ្តោយផ្លូវ 58P ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន​ ក៏ជ្រុលទៅបុកម៉ូតូ ពីក្រោយពេញទំហឹង ប៉ើងម៉ូតូជាច្រើនម៉ែត្រ​ បណ្ដាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ធ្ងន់ម្នាក់។ ភ្លាមៗរថយន្តបង្កបានបើករត់គេចខ្លួនបាត់ ដោយបន្សល់ទុក ស្លាកលេខនៅនឹងកន្លែងកើតហេតុ ងាយស្រួលដល់សមត្ថកិច្ចស្រាវជ្រាវ។

​ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែង យកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន ហើយបន្តស្រាវជ្រាវរករថយន្តបង្កតាមស្លាកលេខ ដើម្បីមកដោះស្រាយតាមច្បាប់។ ឯសពត្រូវសាច់ញាតិ យកទៅធ្វើបុណ្យនៅឯស្រុកកំណើត៕ 

adverise with khmeread