ម៉ូតូកង់បីឥណ្ឌាចង់បត់ក៏បត់ភ្លាមមិនមើលឆ្វេងស្តាំ ចៃដន្យម៉ូតូជ្រុលមកបុកពេញទំហឹងស្លាប់ម្នាក់ ជាអ្នកសារព័ត៌មាន

ភ្នំពេញ ៖ អ្នកសារព័ត៌មានម្នាក់បានបាត់បង់ជីវិត ខណៈជិះម៉ូតូជ្រុលបុកម៉ូតូកង់បីឥណ្ឌា ដែលបត់ខ្វះការប្រុងប្រយ័ត្ន កាលវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០ នៅជិតសណ្ឋាគារសុខា ផ្លូវទន្លេសាប ក្នុងសង្កាត់-ខណ្ឌជ្រោយចង្វារ។ 

សមត្ថកិច្ចនិយាយថា សពជនរងគ្រោះឈ្មោះ តុល ម៉ាត់ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរឥស្លាម ជាអ្នកសារព័ត៌មាន អង្គភាពកវីភ្នំដែក (KVPD NEWS) ស្នាក់នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ មានស្រុកកំណើត ខេត្តកំពង់ចាម ជិះម៉ូតូ PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GU-5286។ ចំណែកកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GR-4683 អ្នកបើកបររត់បាត់។ 

ប្រភពបានឱ្យដឹងថា ដំបូងគេឃើញជនរងគ្រោះ ធ្វើដំណើរតាមបណ្តោយផ្លូវទន្លេសាប ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនគួរសម។ ឯម៉ូតូកង់បីឥណ្ឌា បើកបរទិសដៅពីត្បូងទៅជើង (បញ្ច្រាសទិសគ្នា)។ ខណៈមកចំណុចកើតហេតុ ម៉ូតូកង់បីបានបត់ ដោយខ្វះការប្រុងប្រយ័ត្ន ស្របពេលម៉ូតូមកដល់បុករួចខ្ទាតបោកក្បាលស្លាប់តែម្ដង។ 

ក្រោយកើតហេតុ សមត្ថកិច្ច វាស់វែងយកម៉ូតូកង់បី និងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយនៅពេលក្រោយ៕

adverise with khmeread