៤ម៉ោងក្រោយពីបើកឡានបុកមនុស្សស្លាប់២នាក់ បើកឡានរត់ត្រូវបានចាប់ខ្លួន

ភ្នំពេញ ៖ ជនបង្កបើកឡានបុកមនុស្សស្លាប់២នាក់រត់ពីកន្លែងកើតហេតុ កាលពីយប់មិញត្រូវបានប៉ូលិស ខណ្ឌសែនសុខ ចាប់ខ្លួនក្រោយពី បើកឡានបុកមនុស្សស្លាប់២នាក់រត់ពីកន្លែងកើតហេតុ អស់រយ:ពេលប្រហែលជា ៤ម៉ោង។

ប៉ូលិសនិយាយថា ជនបង្កឈ្មោះ សេង ចិន្តា ភេទប្រុស ស្នាក់នៅផ្ទះលេខ៩៣អឺ២ ផ្លូវលេខ១៣៤ ភូមិ៦ សង្កាត់មិត្តភាព ខណ្ឌ៧មករា ត្រូវបានប៉ូលិសខណ្ឌសែនសុខ ស្រាវជ្រាវចាប់ខ្លួនបាននៅម៉ោងប្រហែល ០១និង២០នាទីរំលងអធ្រាត្រ។ 

ប៉ូលិសបន្តថា ដំបូងមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ត០១គ្រឿង ម៉ាកធុនដ្រា ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BA.9111 បានបើកបុកទៅលើម៉ូតូ ០១គ្រឿង បណ្តាលឱ្យស្លាប់មនុស្ស២នាក់ នៅត្រង់ចំណុច មុខផ្ទះលេខ១២៣ ផ្លូវ៥៩ប៉េ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នៅវេលាម៉ោង ២១និង១០នាទី រួចជនបង្កក៏បានបើករថយន្តគេចខ្លួន។ 

ប៉ូលិសបន្តថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ប៉ែន សូលី ភេទប្រុស​ អាយុ៣៨ឆ្នាំ ជាងសំណង់ មានស្រុកកំណើត ខេត្តបាត់ដំបង និងអ្នករងរបួសធ្ងន់ហើយបានស្លាប់នៅមន្ទីរពេទ្យ ឈ្មោះ ឡូង វន ភេទប្រុស អាយុ៤២ឆ្នាំ ជាងសំណង់ មានស្រុកកំណើត នៅខេត្តព្រៃវែង ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FF-0399។

ក្រោយពីធ្វើការស្រាវជ្រាវនៅវេលាម៉ោង ០១និង២០នាទីរំលងអាធ្រាត្រ កម្លាំងប៉ូលិសខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានធ្វើការឃាត់នាំខ្លួនជនបង្កបានភ្លាមៗ និងនាំយកមកអធិការដ្ឋានខណ្ឌសែនសុខ។ 

បច្ចុប្បន្នជនបង្ក និងរថយន្ត ត្រូវបាននាំយកមកការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរៀបចំសំណុំឯកសារ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ និងបន្តអនុវត្តតាមនីតិវិធីច្បាប់៕


 

adverise with khmeread