ឡានក្លាសេជាច្រើនមកដឹកសាកសពនៅមុខមន្ទីរពេទ្យនានាក្នុងក្រុងញូវយ៉ក ខណៈអភិបាលក្រុងព្រមានផាក៥០០ដុល្លារលើជនណាមិនព្រមនៅផ្ទះ

រូបភាពដ៏គួរឱ្យរន្ធត់ជាច្រើនបានបង្ហាញពីទិដ្ឋភាពសាកសពត្រូវបានលើកដាក់លើឡានដឹកទំនិញក្លាសេសាច់មួយគ្រឿងនៅខាងក្រៅមន្ទីរពេទ្យ Brooklyn Hospital ក្នុងទីក្រុងញូវយ៉ក កន្លែងដែលមនុស្ស ៧៩០នាក់បានស្លាប់ដោយសារវីរុសកូរ៉ូណា និង ៣៦.០០០នាក់បានឆ្លងមេរោគនេះ។ នេះបើយោងតាមវេបសាយ DailyMail ចេញផ្សាយកាលពីម្សិលមិញ។

វីដេអូដែលត្រូវបានផ្តិតដោយអ្នកដំណើរនៅជិតនោះថតចេញពីរថយន្តរបស់ពួកគេ បានបង្ហាញសាកសពជាច្រើនត្រូវបានលើកដាក់យ៉ាងមមាញឹកដោយឡានលើកទំនិញ Forklift។ វីដេអូនេះត្រូវបានលេចចេញនៅលើបណ្តាញសង្គម ពោលត្រឹមរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីគិលានុបដ្ឋាយិកាមួយរូប បានចែកចាយរូបភាពដ៏ហ្មងសៅនៃសាកសព ដែលត្រូវបានគេបញ្ជូនចូលទៅក្នុងឡានដឹកទំនិញក្លាសេមួយគ្រឿង ដែលត្រូវបានដឹកចេញពីមន្ទីរពេទ្យមួយផ្សេងទៀត។

មានកន្លែងបញ្ចុះសព និងមន្ទីរពេទ្យបណ្តោះអាសន្នជាច្រើនត្រូវបានបង្កើតឡើងបន្ទាន់នៅទូទាំងទីក្រុងញូវយ៉ក ដែលជាចំណុចផ្ទុះនៃវីរុសកូរ៉ូណានៅសហរដ្ឋអាមេរិក។

ទន្ទឹមនេះដែរ អភិបាលក្រុងញូវយ៉កបានព្រមានផាកពិន័យ៥០០ដុល្លារលើជនណាដែលមិនព្រមស្នាក់នៅក្នុងផ្ទះ។

គិតត្រឹមថ្ងៃអង្គការនេះ មានករណីឆ្លងចំនួនជាង ១៦០.០០០ករណីត្រូវបានបញ្ជាក់នៅសហរដ្ឋអាមេរិក និងមនុស្សជាង ៣.០០០នាក់បានស្លាប់៕ ប្រភព៖ Daily Mail 

 

adverise with khmeread