ចោរលួចលុយនៅមណ្ឌលសិក្សាអង្គការឡាតាស្តិ៍ គឺជាបុគ្គលិកអង្គការ

បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ បុគ្គលិកអង្គការត្រូវបានកម្លាំងប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ពីបទគាស់ទម្លុះទម្លាយលួចយកលុយរបស់មណ្ឌលសិក្សាអង្គការឡាតាស្តិ៍ នៅស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ប៉ូលិសនិយាយថា ក្រោយពីទទួលបានព័ត៌មានពីមានករណីគាស់ទម្លុះទម្លាយលួចយកលុយក្នុងមណ្ឌលសិក្សារបស់អង្គការឡាតាស្តិ៍ នៅ​ចន្លោះម៉ោង១២យប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដល់ម៉ោង៧ និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការប៉ូលិសខេត្ត បានដាក់នូវបទបញ្ជាដល់កម្លាំងប៉ូលិសជំនាញព្រហ្មទណ្ឌ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរង ផែនព្រហ្មទណ្ឌចុះបង្ក្រាប។

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ កម្លាំងប៉ូលិសការិយាល័យជំនាញ និងកម្លាំងប៉ូលិសក្រុងសិរីសោភ័ណ បានធ្វើកាស្រាវជ្រាវ និងឈានដល់កំណត់បានមុខសញ្ញាជនសង្ស័យម្នាក់ឈ្មោះ សឹង គឹមសាន ភេទប្រុស អាយុ៣៦ឆ្នាំ ជាបុគ្គលិកមណ្ឌលសិក្សាឡាតាស្តិ៍ នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ហើយចាប់ឃាត់ខ្លួនដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

ក្រោយពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយជនសង្ស័យបានសារភាពថា «ខ្លួនពិតជាបានធ្វើសកម្មភាពដោយយកចបកាប់លួចគាស់ចំរឹងបង្អួចបន្ទប់លួច យកកេសសម្រាប់ដាក់លុយចំនួន៤កេសក្នុងមណ្ឌលពិតប្រាកដមែន»។ ក្រោយពីចូលលួចបាន គេយកការុងច្រកកេសសម្រាប់ដាក់លុយយកទៅលាក់ទុកនៅក្នុងបន្ទប់ផ្ទះសំណាក់វ៉នឧត្តម និងចបកាប់បោះចោលម្តុំសួនស្នេហ៍ជនបទ រួចហើយក៏ជិះម៉ូតូមកមណ្ឌលសិក្សាវិញ។

បន្ទាប់ពីជនសង្ស័យទទួលសារភាព ប៉ូលិសបាននាំខ្លួនជនសង្ស័យទៅយកលុយនៅកន្លែងដែលគេលាក់ទុកនៅបន្ទប់ជួលផ្ទះសំណាក់ វ៉ន ឧត្តម ស្ថិតក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ រកឃើញកេសដែកចំនួន៤កេស លុយដុល្លាសរុបចំនួន១៤,២៧៩ដុល្លារនិងប្រាក់ខ្មែរចំនួន ២,៦៩៩,៨០០រៀល ហើយបានធ្វើការប្រគល់ម្ចាស់មណ្ឌលអង្គការឡាតាស្តិ៍វិញ៕

adverise with khmeread