ឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុកកោះធំ

កណ្ដាល ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោ១១និង១០នាទីត្រង់ចំណុចផ្ទះជនសង្ស័យ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ង្វៀង ថាន់តី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិយួនមុខរបររត់រ៉ឺម៉កកង់បីរស់នៅ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ វត្ថុតាងចាប់យកមានម្សៅសថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកកចំនួន០៤កញ្ចប់តូច, ទូរស័ព្ទដៃចំនួន០២គ្រឿង (ម៉ាកសាមសុងចំនួន០១គ្រឿង និងម៉ាកOPPO ចំនួន០១គ្រឿង) និងសម្ភារៈប្រើប្រាស់ជក់ថ្នាំញៀនមួយចំនួនទៀត។

ប៉ូលិសបន្តថា កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១១ និង១០នាទី កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលសំពៅពូន បានចុះធ្វើការងាររដ្ឋបាលនៅតាមខ្នងផ្ទះនឹងបន្ទប់ជួលក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ក៏បានជួបនឹងជនសង្ស័យខាងលើ ដែលជាមុខសញ្ញាចាស់ប្រើប្រាស់ជក់ថ្នាំញៀន កំពុងតែដេកនៅក្នុងអង្រឹងក្រោមផ្ទះ។ ពេលនោះសមត្ថកិច្ចបានចូលទៅសាកសួរនឹងធ្វើការត្រួតពិនិត្យ ក៏បានឆែកឆេររកឃើញមានលាក់ទុកថ្នាំញៀនម៉ាទឹកកក៤កញ្ចប់តូចនៅក្នុងហោប៉ៅខោរបស់ជនសង្ស័យខាងលើនេះ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា «ចំពោះថ្នាំញៀនខាងលើនេះគឺរូបគេបានទៅទិញពីអ្នកលក់ថ្នាំញៀនម្នាក់ឈ្មោះ ដា ភេទប្រុស អាយុជាងសាមសិបឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិខ្ពប ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដោយធ្លាប់បានទៅទិញ៥ដងមកហើយដើម្បីយកមកប្រើប្រាស់ លុះនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានរួមជាមួយនឹងថ្នាំញៀនម៉ាទឹកកក៤កញ្ចប់តូចនេះតែម្តង»៕

adverise with khmeread