ឃាត់បុរសចិនម្នាក់ យកកាំបិតកាប់២នាក់ប្តីប្រពន្ធវៀតណាមរបួសធ្ងន់

កណ្ដាល ៖ ប៉ូលិសឃាត់បុរសចិនម្នាក់ បន្ទាប់ពីបានធ្វើសកម្មភាពកាប់២នាក់ប្តីប្រពន្ធជនជាតិវៀតណាម នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោងប្រម៉ាណ ០១រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅចំណុច រោងលក់ដូរ របស់ជនរងគ្រោះឈ្មោះង្វៀង យ៉ុំាងយុង ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

ប៉ូលិសនិយាយថា ជនរងគ្រោះ២នាក់ប្ដីប្រពន្ធ រងរបួសធ្ងន់១.ឈ្មោះ ង្វៀង យ៉ាំងយុង ភេទប្រុសអាយុ៥៩ឆ្នាំជនជាតិវៀតណាម​ មុខរបរ លក់គុយទាវ មានទីលំនៅភូមិ​ ឃុំកើតហេតុខាងលើនិង២.ឈ្មោះ ដង ធីយឹង​ ភេទស្រី​ អាយុ៥៧ឆ្នាំ​ ជនជាតិវៀតណាម មុខរបរលក់ដូរ និងលក់ គុយទាវ មានទីលំនៅ ភូមិ ឃុំ កើតហេតុខាងលើ។

ចំណែកជនសង្ស័យឈ្មោះ​ លី​ លាំងហាវ​ (LI LIANGHAO) ភេទប្រុស​ អាយុ​ ៣២ឆ្នាំ​ ជនជាតិចិន ស្នាក់នៅបន្ទប់ជួលលេខ១​ របស់ម្ចាស់ផ្ទះ​ ឈ្មោះ​ មុយ​ អេង​ ស្ថិតក្នុងភូមិជ្រៃធំ​ឃុំសំពៅពូន​ ស្រុកកោះធំ​ ខេត្តកណ្ដាល​ មុខរបរ​ មិនពិតប្រាកដ។

វត្ថុតាងចាប់យក៖១.កាំបិត០១​ ដែលមានដង​ ផ្លែ​ ធ្វើពីដែក​ មានទំហំ​ ៣៦x៦​ សង្ទីម៉ែត្រ,​២.អាវយឺតដៃវែងពណ៌ឈាមជ្រូក​ មានឡេវរូតពីមុខ​០១, ៣.ស្បែកជើងចំពាម ជ័រ​ ពណ៌ខ្មៅ​ ម៉ាកPedro​០១គូ,៤.អាវយឺតដៃខ្លីពណ៌ស​ មានរូបមនុស្សម្នាក់​០១, ៥.ខោយឺតជើងវែងពណ៌ខ្មៅ​ មានអក្សរអង់គ្លេស​ LI LI NING​ ០១, ​៦.ខោលីអូពណ៌ស្វាយ​០១, ៧.ធុងជ័រពណ៌ក្រហម​ ដែលមានទឹកត្រាំខោអាវ​ប្រឡាក់ឈាម​០១, ៨.លិខិតឆ្លងដែន​០១,
​៩.អត្តសញ្ញាណប័ណ្ណជនជាតិចិន​ ០១សន្លឹក, ​១០.កាតធនាគារ​០១សន្លឹក, ១១.កាបូបដៃពណ៌ខ្មៅ​ ម៉ាកJINBAOLAI​ ០១, ១២.កាបូបស្ពាយពណ៌ខ្មៅ​០១ និង១៣.វ៉ាលីដាក់ខោអាវពណ៌ខ្មៅ​០១។ 

ប៉ូលិសបន្តថា មុនពេលកើតហេតុ បន្ទាប់ពីលក់ដូររួចជនរងគ្រោះ ០២ នាក់ប្ដីប្រពន្ធបានចូលដេកលើគ្រែ ក្នុងរោងកន្លែងលក់ដូរដូចសព្វដង ដោយដេកនៅក្នុងរោងកន្លែងលក់ដូរ លើគ្រែ០២នាក់ប្ដីប្រពន្ធ ពុំបានបិទទ្វារត្រឹមត្រូវទេ​។​ នៅពេលដែលជនរងគ្រោះទាំង២កំពុងដេក​ ស្រាប់តែជនសង្ស័យ​ ម្នាក់​ ដែលពេលនោះ គឺពាក់អាវយឺតដៃវែង ពណ៌ឈាមជ្រូក​ និងពាក់អាវយឺតដៃខ្លីពណ៌ស ពីខាងក្នុង​ ស្លៀកខោជើងវែងពណ៌ខ្មៅ (រូបភាពបញ្ជាក់ពីកាមេរ៉ាសុវត្ថិភាព) បានចូលមកធ្វើសកម្មភាព កាប់លើជនរងគ្រោះ០២នាក់ប្ដីប្រព​ន្ធជាច្រើនកាំបិត​បណ្ដាលឱ្យរងរបួសធ្ងន់ទាំង០២នាក់ក្នុងពេលនោះ រួចហើយបានប្រតាយប្រតប់គ្នា ហើយជនរងគ្រោះជាប្រពន្ធបានស្រែកហៅអ្នកលក់ផ្លែឈើនៅក្បែរនោះឱ្យជួយ។

ភ្លាមនោះជនសង្ស័យបានរត់គេចចេញពីកន្លែងកើតហេតុ ចំណែកជនរងគ្រោះ ត្រូវបានអ្នកជិតខាងនាំយកទៅសង្គ្រោះ ព្យាបាល​ នៅប្រទេសវៀតណាម​ និងបានរាយការណ៍ជូនសមត្ថកិច្ច។

ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម​ កម្លាំងប៉ូលិសប៉ុស្តិ៍​ និងជំនាញស្រុក បានចុះធ្វើការ​ ធ្វើការស្រាវជ្រាវ ដោយបានត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព ដែលមាននៅក្បែរកន្លែងកើត​ហេតុ​ ឃើញថានៅចន្លោះពេលកើតហេតុ​ គឺមានមនុស្សប្រុសម្នាក់ពាក់អាវយឺតដៃវែង ពណ៌ឈាមជ្រូក​ និងពាក់អាវយឺតដៃខ្លីពណ៌សពីខាងក្នុង​ ស្លៀកខោជើងវែងពណ៌ខ្មៅ​ ពាក់ស្បែកជើងចំពាមពណ៌ខ្មៅ​ និងមានដំណើរដូចអ្នកពិការជើង​ បានដើរចេញពីមុខផ្ទះជួលយីហោ​ ៧៧៧​ ឆ្លងផ្លូវ ឆ្ពោះទៅផ្ទះជនរងគ្រោះ​។ 

បន្ទាប់មកនៅរសៀលថ្ងៃទី៣០​ ខែមីនា​ ឆ្នាំ២០២០​ សមត្ថកិច្ចក៏បានប្រទះឃើញជនសង្ស័យ​ ឈ្មោះ លី​ លាំងហាវ​ ដែលមានភិនភាគដូចរូបក្នុងកាមេរ៉ាសុវត្ថិ​ភាព​ ដើរចូលទៅក្នុងបន្ទប់ជួលលេខ១ រួចក៏បានបើកទ្វារបន្ទប់នោះ​ ឃើញជនសង្ស័យ​ លី​ លាំងហាវ​ នៅក្នុងបន្ទប់តែម្នាក់ឯង​ ហើយត្រួតពិនិត្យនៅក្នុងបន្ទប់ជួលនោះ​ ក៏បានប្រទះឃើ​ញវត្ថុតាងដូចបានចាប់យកខាងលើ​ នៅក្នុងបន្ទប់នោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន។ 

តាមចម្លើយសារភាពរបស់ ជនសង្ស័យ​ឈ្មោះ លី​ លាំងហាវ​ បានសារភាពថា​ រូបខ្លួនពិតជាបានយកកាំបិត កាប់ទៅលើជនរងគ្រោះ០២នាក់ ប្ដីប្រពន្ធជាជនជាតិវៀតណាម​ដោយសារ តែមានគំនុំខឹងជនរងគ្រោះ​ ដែលបានជេរប្រមាថ មកលើរូបគេ​រឿង ដែលរូបគេទៅជុះនោមដាក់ជញ្ជាំងផ្ទះជនរងគ្រោះកន្លងមក៕

adverise with khmeread