អាមេរិកប្រកាសផ្តល់ជំនួយ ២៧៤ លានដុល្លារដល់ប្រទេសចំនួន ៦៤ រួមទាំងកម្ពុជាដើម្បីប្រយុទ្ធនឹងកូវីដ១៩

សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយជាទឹកប្រាក់ចំនួន ២៧៤ លានដុល្លារដល់ប្រទេសចំនួន ៦៤ ក្នុងនោះមានប្រមាណ ២ លានដុល្លារដល់ប្រទេសកម្ពុជាដើម្បីជួយពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។ នេះយោងតាមកាសែតយុវជនវៀតណាមសរសេរកាលពីថ្ងៃអង្គារទី៣១មីនា។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសអាមេរិកនៅថ្ងៃទី ២៧ ខែមីនា ទឹកប្រាក់ចំនួន ២៧៤ លានដុល្លាររួមបញ្ចូលទាំងជំនួយសុខភាពនិងមនុស្សធម៌បន្ទាន់ជិត ២១០ លានដុល្លារអាមេរិកពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដែលត្រូវបានផ្តល់ឱ្យរហូតដល់ ៦៤ ប្រទេសដែលមានហានិភ័យខ្ពស់បំផុតពីការគំរាមកំហែងនៃជំងឺកូវីដ១៩។

សេចក្តីប្រកាសនោះបានសរសេរថា "បណ្តាទីភ្នាក់ងាររបស់រដ្ឋាភិបាលអាមេរិកកំពុងធ្វើការរួមគ្នាដើម្បីផ្តល់អាទិភាពលើជំនួយបរទេសដោយផ្អែកលើការសម្របសម្រួលនិងសក្តានុពលនៃផលប៉ះពាល់"។

បណ្តាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនទៀតក៏នឹងទទួលបានជំនួយហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកសម្រាប់ការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ផងដែរ ក្នុងនោះវៀតណាមនឹងទទួលបានជិត៣លានដុល្លារ កម្ពុជានឹងទទួលបានប្រមាណ ២ លានដុល្លារ ឥណ្ឌូណេស៊ី ២,៣ លានដុល្លារ ឡាវជិត ២ លានដុល្លារ ហ្វីលីពីនជិត ៤ លានដុល្លារ ថៃប្រហែល ១,២ លានដុល្លារ និង ទីម័រខាងកើត ១,១ លានដុល្លារ៕ ប្រភព៖ tuoitrenews.vn

adverise with khmeread