អ្នកវិទ្យាសាស្ត្រថាមេរោគកូរ៉ូណានឹងថមថយឥទ្ធិពលនៅខែឧសភាពេលអង់គ្លេសឈានចូលរដូវក្តៅ តែអ្នកខ្លះថាអាស៊ីក្តៅខ្លាំងមិនអាចទប់ជាប់នឹងកូវីដ១៩

ក្តីសង្ឃឹមបានកើនឡើងនៅពេលអ្នកវិទ្យាសាស្ត្រលើកឡើងថាការផ្ទុះឡើងនៃមេរោគកូរ៉ូណានឹងមានភាពធូរស្រាលនៅនិទាឃរដូវបន្ទាប់ពីការសិក្សាមួយបានបង្ហាញថាមេរោគកូវីដ១៩អាចត្រូវបានសម្លាប់ដោយអាកាសធាតុក្តៅនៅអង់គ្លេសក្នុងខែឧសភា។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃអង្គារទី៣១មីនា។

ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ University College London បានតាមដាន៥ឆ្នាំមកហើយលើករណីវីរុសកូរ៉ូណា៣ប្រភេទស្រដៀងនឹងវីរុសកូរ៉ូណា ដែលបង្កជាជំងឺកូវីដ១៩។

ពួកគេបានរកឃើញថា ចំនួននៃការឆ្លងវីរុសកូរ៉ូណាបានធ្លាក់ចុះនៅរដូវផ្ការីក (រដូវក្តៅនៅអង់គ្លេស) ហើយមេរោគនេះមិនបានរើបឡើងម្តងទៀតទេ រហូតដល់រដូវរងា។

ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថាកម្តៅព្រះអាទិត្យនិងសំណើមបានបំផ្លាញដាននៃមេរោគកូរ៉ូណា ក្នុងនោះរួមបញ្ចូលទាំងវីរុសកូរ៉ូណាមួយប្រភេទ ដែលបង្កឱ្យមានជំងឺផ្តាសាយ។

ក្រុមអ្នកជំនាញនៅតែមានមន្ទិលសង្ស័យថាតើការរកឃើញនេះនឹងអនុវត្តចំពោះមេរោគកូវីដ១៩ដែរឬអត់។

អាកាសធាតុក្តៅសើមមិនបានការពារបណ្តាប្រទេសក្នុងទ្វីបអាស៊ីពីវីរុសនេះបានទេដូច្នេះវាអាចនឹងមិនទំនងថាវីរុសនេះនឹងធូរស្រាលនៅចក្រភពអង់គ្លេសនៅរដូវក្តៅ។

ការរីករាលដាលដល់កម្រិតកំពូលនៃមេរោគនេះនៅចក្រភពអង់គ្លេសត្រូវគេរំពឹងថានឹងកើតឡើងក្នុងរយៈពេល ៣ សប្តាហ៍ទៀត៕ ប្រភព៖ Daily Mail

adverise with khmeread