មន្ត្រីអង្គការសុខភាពពិភពលោកនិយាយថាជំងឺកូវីដ១៩នៅអាស៊ីមិនទាន់ចប់នៅអាស៊ីនៅឡើយទេ

មន្ត្រីមួយរូបរបស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃអង្គារទី ៣១ ខែមីនានេះថា ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅមិនទាន់ចប់នៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៅឡើយទេ ហើយវិធានការបច្ចុប្បន្នដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសគ្រាន់តែផ្តល់ពេលវេលាឱ្យប្រទេសទាំងនោះត្រៀមខ្លួនសម្រាប់ការឆ្លងទ្រង់ទ្រាយធំក្នុងសហគមន៍តែប៉ុណ្ណោះ។

លោក Takeshi Kasai នាយកប្រចាំតំបន់នៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចរបស់អង្គការសុខភាពពិភពលោកបាននិយាយថា សូម្បីមានវិធានការទប់ស្កាត់ទាំងអស់នោះក៏ដោយ ក៏ហានិភ័យនៃការឆ្លងកូវីដ១៩នៅក្នុងតំបន់នឹងមិនបាត់នោះឡើយ ដរាបណាជំងឺរាតត្បាតនេះនៅតែបន្ត។

មេរោគកូរ៉ូណាថ្មីបានលេចឡើងដំបូងនៅកណ្តាលប្រទេសចិនកាលពីចុងឆ្នាំ ២០១៩ ។ ឥឡូវនេះ ការឆ្លងបានកើនឡើងដល់ ៧៧០.០០០ ករណីនៅទូទាំងពិភពលោក ដោយសហរដ្ឋអាមេរិកអ៊ីតាលីនិងអេស្ប៉ាញបានវ៉ាដាច់ចិនដីគោកនៅក្នុងករណីឆ្លងដែលបានបញ្ជាក់។

លោក Takeshi Kasai បានប្រាប់សន្និសីទសារព័ត៌មានតាមរយៈវីដេអូថា "ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់។ ជំងឺរាតត្បាតនេះមិនទាន់ចប់នៅទ្វីបអាស៊ីនិងតំបន់ប៉ាស៊ីហ្វិកនៅឡើយទេ។ នេះនឹងក្លាយជាសមរភូមិយូរអង្វែង ហើយយើងមិនអាចប្រហែសក្នុងការការពារនោះឡើយ"។

លោកនិយាយថា "យើងត្រូវការឱ្យគ្រប់ប្រទេសទាំងអស់បន្តត្រៀមខ្លួនសម្រាប់ការឆ្លងទ្រង់ទ្រាយធំតាមសហគមន៍"។

លោក Takeshi Kasai និយាយថា ប្រទេសដែលមានធនធានតិចតួចគឺជាប្រទេសអាទិភាព ដូចជាបណ្តាប្រទេសកោះប៉ាស៊ីហ្វិកជាដើម ព្រោះពួកគេត្រូវដឹកសំណាកទៅប្រទេសដទៃទៀតដើម្បីធ្វើរោគវិនិច្ឆ័យ ហើយការរឹតត្បិតការដឹកជញ្ជូនកំពុងធ្វើឱ្យមានការពិបាកសម្រាប់ការដឹកសំណាក។

លោកព្រមានថា សម្រាប់បណ្តាប្រទេសដែលកំពុងមើលឃើញការថយចុះករណីឆ្លង ពួកគេមិនគួរធ្វេសប្រហែលជិះសេះព្រលែងដៃនោះឡើយ បើមិនដូច្នេះទេវីរុសនឹងវិលត្រឡប់មកវិញផ្ទុះខ្លាំងជាក់ជាមិនខាន៕ ប្រភព៖ Asiaone

adverise with khmeread