យកចំពាមបាញ់បំបែកកញ្ចក់រថយន្តលួចយកកាបូប, ម្ចាស់គេទាន់រត់ចោលម៉ូតូមួយគ្រឿង

សៀមរាប ៖ មានករណីជនសង្ស័យម្នាក់បានធ្វើសកម្មភាពយកចំពាមបាញ់បំបែកកញ្ចក់រថយន្តលួចយកកាបូបនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១០ និង២០នាទី ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ខណៈម្ចាស់គេមកទាន់ជនសង្ស័យបានទម្លាក់កាបូប និងម៉ូតូចោល រត់គេចខ្លួនបាត់។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ញឹម ហាក់ ភេទប្រុស អាយុ ៤៨ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។ ដំបូងមានមិនស្គាល់អត្តសញ្ញាណ ចំនួន ០២ នាក់ និងម៉ូតូ០១គ្រឿងធ្វើសកម្មភាពយកចំពាមបាញ់បំបែកកញ្ចក់រថយន្តលួចយកកាបូប។ ក្រោយពីជនសង្ស័យធ្វើសកម្មភាពរួច បម្រុងគេចខ្លួនតែត្រូវជនរងគ្រោះតាមទាន់ ស្រែកឱ្យគេជួយ ពេលនោះជនសង្ស័យបានទម្លាក់កាបូប និងម៉ូតូចោលរត់គេចខ្លួនបាត់។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម៉ូតូរបស់ជនសង្ស័យចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AU-6295 និងសោកែច្នៃសម្រាប់កាច់សោកម៉ូតូ ចំនួន០២ដើមនិងដែកចុងស្រួចចំនួន០២ដើម។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងដកហូតម៉ូតូរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលស្វាយដង្គំ ដើម្បីរៀបចំបណ្តឹងជូនជនរងគ្រោះ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញបានធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវរកមុខសញ្ញាដែលកំពុងរត់គេចខ្លួន៕


 

adverise with khmeread