ជាងសំណង់ម្នាក់លួចទូរស័ព្ទដៃត្រូវប៉ូលិសស្រុកកៀនស្វាយឃាត់ខ្លួន

កណ្ដាល ៖ ជាងសំណង់ម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន នាថ្ងៃទី ៣១ មីនា ២០២០ វេលាម៉ោង ១រសៀល ពីបទលួចទូរស័ព្ទដៃស្ថិតនៅចំណុចភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ 

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ម៉ៅ គីមឡេង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិ ទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ 

ចំណែកជនសង្ស័យឈ្មោះ ឈ ឡាំ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិយួន មានទីលំនៅ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅមុខរបជាងបាញ់ថ្នាំ។ សម្ភារៈបាត់បង់រួមមានទូរស័ព្ទម៉ាក IPhone XS Max ពណ៌ទឹកមាស ចំនួន០១ គ្រឿង។

ប៉ូលិសបន្តថា ដំបូងជនរងគ្រោះត្រូវជា (ម្ចាស់ទូរស័ព្ទ) បានយកទូរស័ព្ទទៅសាកថ្មនៅក្នុងផ្ទះពូខ្លួន ឈ្មោះ គ្រី សុពុជ ភេទប្រុស អាយុ ៤៣ ឆ្នាំ ដែលនៅក្នុងភូមិឃុំជាមួយគ្នា សាកនៅក្នុងបន្ទប់ឡៅតឿ រួចហើយបានដើរចេញពីផ្ទះពូជិះម៉ូតូត្រឡប់មកផ្ទះខ្លួនវិញ។

បានប្រហែលកន្លះម៉ោង ជនរងគ្រោះបានមើលនាឡិកាដៃ ដែលផ្ជាប់ GPS ជាមួយទូរស័ព្ទនោះ បានលោតសញ្ញាមិនមានទូរស័ព្ទនៅជិតខ្លួន បានជិះម៉ូតូទៅផ្ទះពូវិញហើយបានរកទូរស័ព្ទ ស្រាប់តែបាត់មិនឃើញ រួចហើយបានប្រាប់ពូឱ្យជួយរក។ ពេលនោះពូរបស់ជនរងគ្រោះ បានហៅជាងធ្វើសំណង់ទាំងអស់ មកសួរនាំស្រាប់តែបាត់ជាងម្នាក់ឈ្មោះ ឈ ឡាំ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌ ច្បារអំពៅ មុខរបរជាងបាញ់ថ្នាំ (ជនសង្ស័យ)។

 ពេលនោះជាងដែលធ្វើការនោះប្រាប់ថាឃើញ ឈ្មោះ ឈ ឡាំ ភេទប្រុស បានឡើងទៅបន្ទប់ឡៅតឿ ភ្លាមនោះពូ ជនរងគ្រោះ បានជិះរថយន្តតាមរកជនសង្ស័យដល់ផ្ទះស្ថិតក្នុងភូមិក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ហើយឃាត់ខ្លួនជនសង្ស័យ យកមកប៉ុស្តិ៍រដ្ឋបាលគគីរនៅម៉ោង៦ និង៥០នាទីយប់។ 

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចទូរស័ព្ទដៃ ០១គ្រឿងពិតប្រាកដមែន ហើយបានយកទូរស័ព្ទដៃនោះទៅលក់ឱ្យគេនៅចំណុចផ្សារច្បារអំពៅ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ក្នុងតម្លៃពីររយដុល្លារប្រាកដមែន។

ក្រោយពីសួរនាំរួចកម្លាំងប៉ូលិសប៉ុស្តិ៍បានបញ្ជូនជនសង្ស័យមកកាន់អធិការដ្ឋានស្រុកកៀនស្វាយ ដើម្បីបន្តនិតិវិធី ៕

adverise with khmeread