កម្លាំងអាវុធហត្ថបញ្ជូនជនសង្ស័យជាចោរឆក់ម្នាក់ទៅតុលាការផ្តន្ទាទោសតាមច្បាប់

ភ្នំពេញ ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យជាចោរឆក់ម្នាក់ ទៅតុលាការ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ដើម្បីផ្តន្ទាទោសតាមច្បាប់ បន្ទាប់ពីធ្វើការសួរចម្លើយ និងកសាងសំណុំរួចមក។

មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យ ឈ្មោះ អោម ម៉ានីន ភេទប្រុស អាយុ១៨ឆ្នាំជាចោរឆក់ ដែលបានធ្វើសកម្មភាពជាមួយ និងបក្ខពួកឈ្មោះ ពេជ្រ (រត់គេចខ្លួន) ឆក់កាបូបពីស្រី្តជនរងគ្រោះ ដែលធ្វើដំណើរលើដងផ្លូវ នៅចំណុចមុខយានដ្ឋានជួសជុលរថយន្តយីហោ VM ផ្លូវជាតិលេខ៦A ភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ហើយត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបាន កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១២ និង៣០នាទី។

ជនសង្ស័យ អោម ម៉ានីន បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថថា រូបគេ រួមនឹងបក្ខពួក គឺបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះពិតប្រាកដមែន។ រូបគេជិះម៉ូតូ០១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ 1GX-1904 ដើម្បីធ្វើសកម្មភាពឆក់សម្ភារៈមានតម្លៃពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

លុះជិះដល់ចំណុចខាងលើ ក៏ឃើញស្រ្តីចំណាស់ កំពុងជិះម៉ូតូ និងមានកាបូបជាប់ខ្លួន ឃើញឱកាសល្អ រូបគេបានជិះទៅក្បែរហើយឆក់តែម្តង តែត្រូវបានជនរងគ្រោះស្រែកឆោឡោចោរៗ និងមានប្រជាពលរដ្នឃើញដេញតាម ដឹងដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌជ្រោយចង្វារកំពុងល្បាតឃើញ បានស្ទាក់ឃាត់ខ្លួនតែម្តង។ ចំណែកបក្ខពួក ឈ្មោះ ពេជ្រ បានរត់គេចខ្លួនបាត់។ រូបគេប្រាប់បន្ថែមទៀតថា កន្លងមកធ្លាប់ប្រើប្រាស់គ្រឿងញៀនប្រភេទម៉ាទឹកកករយៈពេល១ឆ្នាំមកហើយ៕

adverise with khmeread