រដ្ឋមន្ត្រីជប៉ុនព្រមានថា ជប៉ុនកំពុងរកកល់ផ្ទុះកូវីដ១៩ទ្រង់ទ្រាយធំ ខណៈប្រព័ន្ធសុខាភិបាលអាចនឹងដួលរលំ

ក្រុមមន្ត្រីនៅប្រទេសជប៉ុនបានព្រមានកាលពីថ្ងៃពុធទី១មេសាថា ជប៉ុនកំពុងរកកល់ផ្ទុះកូវីដ១៩ទ្រង់ទ្រាយធំ ខណៈខ្លួនកំពុងតស៊ូទប់ទល់នឹងជំងឺមួយនេះ ហើយប្រព័ន្ធសុខាភិបាលអាចនឹងដួលរលំ។ 

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Yasutoshi Nishimura និយាយថា ជប៉ុន "ត្រូវតែទប់ស្កាត់មេរោគនេះកុំឱ្យឆ្លងបន្ថែមទៀតមិនថាមានរឿងអីកើតឡើងនោះឡើយ" និង ព្រមានថា "យើងបានមកដល់គែមនៃមាត់ជ្រោះហើយ"។ 

ការព្រមានរបស់គាត់ធ្វើឡើង ស្របពេលលោក Shigeru Omi ប្រធានអង្គការថែទាំសុខភាពសហគមន៍ជប៉ុន និយាយថា "ការឆ្លើយតបជាមូលដ្ឋាន" ដើម្បីទប់ស្កាត់កុំឱ្យវីរុសកូរ៉ូណាបង្កឱ្យប្រព័ន្ធសុខាភិបាលដួលរលំ អាចនឹងត្រូវអនុម័តនៅថ្ងៃនេះ (ថ្ងៃពុធ)។ 

ជប៉ុនបានបញ្ជាក់ករណីឆ្លងកូវីដ១៩ចំនួន ២.៣៦២ នាក់ និងស្លាប់ ៦៧ នាក់។ នាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបេ កំពុងប្រឈមសម្ពាធធ្ងន់ធ្ងរដើម្បីប្រកាសស្ថានភាពគ្រាអាសន្ន។ 

ក្រុមអ្នកជំនាញវេជ្ជសាស្ត្រក្នុងប្រទេសជប៉ុន ដែលកំពុងផ្តល់យោបល់ដល់លោកអាបេ បានព្រមានថា ការឆ្លងរាលដាលកូវីដ១៩កំពុងដាក់សម្ពាធដូចភ្នំមកលើមន្ទីរពេទ្យនៅទីក្រុងតូក្យូ ទីក្រុងអូសាកា និង​បណ្តាខេត្តផ្សេងៗទៀត។ 

ជាផ្នែកមួយនៃវិធានការថ្មីដើម្បីទប់ស្កាត់ការរាលដាលកូវីដ១៩ ជប៉ុនបានហាមជនបរទេសមកពីប្រទេសចំនួន ៧៣។ ជប៉ុនក៏ទាមទារឱ្យអ្នកមកពីបរទេសទាំងអស់ត្រូវបង្ខាំងខ្លួនឯង១៤ថ្ងៃផងដែរ៕ ប្រភព៖ Daily Mail

adverise with khmeread

អ្នកនឹងចូលចិត្ត