ខែថ្មី ថ្ងៃទី២ប៉ូលិសឃាត់ជនសង្ស័យពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ៨នាក់នៅខេត្តព្រះសីហនុ

ព្រះសីហនុ ៖ ប៉ូលិសព្រហ្មទណ្ឌខេត្តព្រះសីហនុសហការជាមួយប៉ូលិសមូលដ្ឋាន បានចុះល្បាតក្នុងក្រុង បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ចំនួន៤ករណី ដោយឃាត់ជនសង្ស័យខ្មែរ-ចិន៨នាក់ នាយប់ថ្ងៃទី១មេសា ឆ្លងចូលថ្ងៃទី២ មេសា ឆ្នាំ២០២០  យ៉ាងណាក៏ដោយប៉ូលិសមិនទាន់បង្ហាញអត្តសញ្ញាណជនសង្ស័យលម្អិតនៅឡើយ។

ករណីទី១-នៅថ្ងៃទី០១ មេសា ២០២០ វេលាម៉ោង១១យប់  កម្លាំងប៉ូលិសក្រុងព្រះសីហនុ បានសហការជាមួយកម្លាំងប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ល្បាតត្រួតពិនិត្យតាមភូមិសាស្រ្ត ពេលមកដល់ផ្លូវក្រោយសាវ៉ាតឌី អូរ៣ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ បានប្រទះឃើញ ជនសង្ស័យ២នាក់ ភេទប្រុស (ជាមុខសញ្ញាឆក់សម្ភារៈ)។ ជនសង្ស័យគ្រាន់តែឃើញសមត្ថកិច្ចបាននាំគ្នារត់គេចខ្លួន តែត្រូវបានកម្លាំងប៉ូលិសដេញចាប់បានទាំង២នាក់។

ករណីទី២-នៅថ្ងៃទី០២ មេសា ២០២០ វេលាម៉ោង២ ​និង១៥នាទីយប់ រំលអធ្រាត្រ​ កម្លាំងប៉ូលិសផែនព្រហ្មទណ្ឌបានចេញល្បាតតាមដងផ្លូវ ពេលដល់ចំណុចស្ថានីយប្រេង​តូតាល់​ ភូមិ២​ សង្កាត់២​ក្រុង-ខេត្តព្រះសីហនុ​ ប្រទះឃើញជនសង្ស័យ​ ២នាក់​ ជាជនជាតិចិន​ ជិះម៉ូតូ​១គ្រឿង​ ម៉ាក​អ៊ែរប្លែត​ គួរអោយសង្ស័យ​ក៏តាមឃ្លាំមើល​ តែជនសង្ស័យបានដឹងខ្លួន បានជិះបង្វែងដានចុះឡើងៗ​ តែត្រូវបានកម្លាំងប៉ូលិសស្ទាក់ម៉ូតូចាប់ឃាត់ខ្លួនទាំង២នាក់ ធ្វើការត្រួតពិនិត្យ​ រកឃើញ​ដែកបំពង់ទីប​៣ដើម​,កូនកាំបិតស្នៀត​ ៣ដើម​ និងកន្ត្រៃ​ចំនួន​ ២ដើម ។

ករណីទី៣-នៅថ្ងៃទី០២ មេសា២០២០ វេលាម៉ោង៣ ​និង៣០នាទី ទៀបភ្លឺ កម្លាំងប៉ូលិសផែនព្រហ្មទណ្ឌ បានចេញល្បាតតាមដងផ្លូវដល់ចំណុចអូរ៣​ ស្ថិតនៅ​ភូមិ៥​ សង្កាត់៤​ ក្រុងព្រះសីហនុ​ ប្រទះឃើញជនសង្ស័យ​៣នាក់​ ជាជនជាតិខ្មែរ កំពុងយកខ្សែភ្លើងដែលពួកវាលួចបានចំនួន​៤បាវ​ បម្រុងយកទៅលក់​ កម្លាំងនគរបាលក៏ចាប់ឃាត់ខ្លួន ។

ករណីទី៤-នៅថ្ងៃទី០២ មេសា ២០២០ វេលាម៉ោង៥​ និង១០នាទី ទៀបភ្លឺ កម្លាំងប៉ូលិសផែនព្រហ្មទណ្ឌ បានចេញល្បាតតាមដង ផ្លូវដល់ចំណុចវិមានឯករាជ្យ ស្ថិតនៅ​ភូមិ៣​ សង្កាត់៣​ ក្រុងព្រះ សីហនុ​ ប្រទះឃើញជនសង្ស័យ​៣នាក់​ ជាជនជាតិខ្មែរ​ កំពុងដឹកខ្សែភ្លើងដែលពួកវាលួចបានជាច្រើនបាវ​ ដាក់ក្នុងម៉ូតូកង់បី​ (ផាស់អាប់) ១គ្រឿង​និងមានម៉ូតូ​១គ្រឿង​ទៀត​ជិះគ្នា​២នាក់​ តាមពីក្រោយ បម្រុងយកទៅលក់​  កម្លាំងប៉ូលិសស្ទាក់ឃាត់បានម៉ូតូកង់បី​និងអ្នកបើក​បរ។ ឯអ្នកជិះម៉ូតូតាមពីក្រោយ​ ២នាក់បានរត់គេច ខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងទាំង៤ករណីខាងលើ ត្រូវបានកម្លាំងប៉ូលិសជំនាញបានបន្តតាមនីតិវិធីនៃច្បាប់៕


 

adverise with khmeread