ក្លឹបបាល់ទាត់បេឡារូសកំពុងមានប្រជាប្រិយភាពលើពិភពលោក ខណៈ Belarus Premier League នៅតែដំណើរការ

បាល់ទាត់ត្រូវបានផ្អាកស្ទើរទូទាំងពិភពលោក ដោយសារតែការរាតត្បាតនៃវីរុសកូរ៉ូណា ប៉ុន្តែកីឡាមួយនេះនៅតែបន្តដំណើរការជាធម្មតានៅក្នុងប្រទេសបេឡារូស។

លីកកំពូលបេឡារូស Belarusian Premier League កម្រនឹងត្រូវគេស្គាល់ខ្លាំងណាស់នៅក្នុងពិភពបាល់ទាត់ ប៉ុន្តែបច្ចុប្បន្នលីកមួយនេះកំពុងទាក់ទាញប្រិយមិត្តបាល់ទាត់ជាច្រើន ខណៈដែលវាក្លាយទៅជាលីកបាល់ទាត់មួយក្នុងចំណោមលីកដ៏តិចបំផុតនៅជុំវិញពិភពលោក និងជាលីកតែមួយគត់នៅក្នុងតំបន់អឺរ៉ុប ដែលបាល់ទាត់នៅតែបន្តលេង។

កាលពីថ្ងៃសៅរ៍មានការប្រកួតរបស់ក្រុមលីកកំពូលចំនួន៦គូ នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ រួមទាំងជំនួបពិសេសរបស់ក្រុមជិតខាង FC Minsk និង Dinamo Minsk ដែលត្រូវបានចូលរួមដោយហ្វូងមនុស្សចំនួន ៣,០០០នាក់នៅក្នុងរដ្ឋធានីរបស់បេឡារូស។

មានករណីកូវីដ១៩តិចជាង ១០០ករណី ហើយមិនមានអ្នកស្លាប់ដោយសារជំងឺនេះនៅក្នុងអតីតផ្នែកមួយនៃសាធារណរដ្ឋសូវៀតមួយនេះទេ។ បេឡារូសមានប្រជាជនប្រមាណ ៩,៥ លាននាក់។

ខណៈពេលដែលបណ្តាប្រទេសអឺរ៉ុបភាគច្រើនដាក់ប្រជាជនរបស់ពួកគេឱ្យនៅដាច់ដោយឡែកពីគ្នា និងបិទព្រំដែន ប្រធានាធិបតីបេឡារូសលោក Alexander Lukashenko បាននិយាយថា ខ្លួនមិនមានការព្រួយបារម្ភនោះទេ និងថែមទាំងបានស្នើឱ្យពលរដ្ឋរបស់លោកផឹកស្រាវ៉ូដកាដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះទៀតផង។

ការសម្រេចចិត្តបន្តដំណើរការបាល់ទាត់ជាធម្មតាមួយនេះ បានជួយឱ្យសហព័ន្ធបាល់ទាត់បេឡារូស ទទួលបានកិច្ចព្រមព្រៀងផ្សាយបន្តផ្ទាល់តាមបណ្តាញទូរទស្សន៍កីឡានៅក្នុងប្រទេសចំនួន ១០ រួមមានប្រទេសរុស្ស៊ី អ៊ីស្រាអែល និងឥណ្ឌាជាដើម ដែលអ្នកគាំទ្រកីឡាមិនមានអ្វីទស្សនា បន្ទាប់ពីកីឡាទាំងអស់ក្នុងប្រទេសទាំងនោះត្រូវបានបិទ។

អ្នកទស្សនាបាល់ទាត់ឈ្មោះ David Watson បានសរសេរនៅលើ Twitter ថា "នៅទីបញ្ចប់ គ្រប់គ្នានឹងមានក្រុមមួយដែលពួកគេគាំទ្រនៅបេឡារូសជាមិនខាន"៕ 

adverise with khmeread