កូនទើបចេញពីមណ្ឌលកែប្រែ,ទំនងមិនទាន់ជាដាច់ បានយកកាំបិតប៉័ងអារកឪពុករបួសធ្ងន់

កណ្ដាល ៖ ប៉ូលិសស្រុកមុខកំពូលបានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីបានយកកាំបិតប៉័ងតោពីក្នុងផ្ទះបាយមកអារកឪពុកខ្លួន ខណៈកំពុងសម្រានបណ្ដាលឱ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះ កាលពីវេលាម៉ោង៤ និង១៥នាទី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ហ៊ីម យ៉ានី ភេទប្រុស អាយុ២៧ ឆ្នាំជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ។ ចំណែកជនរងគ្រោះឈ្មោះ សុះ ហ៊ីម ភេទប្រុស អាយុ៧០ឆ្នាំ ជនជាតិខ្មែរឥស្លាម។ ជនសង្ស័យនិងជនរងគ្រោះត្រូវជាឪពុកកូននឹងគ្នា មានទីលំនៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ចំណែកវត្ថុតាងដកហូតបានមានកាំបិតប៉័ងតោចំនួន១។

ប៉ូលិសបន្ដថា ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ហើយត្រូវបានបងប្អូនក្រុមគ្រួសារយកទៅអប់រំនៅមណ្ឌលកែប្រែគ្រឿងញៀននៅម្ដុំផ្សារដីហុយ រាជធានីភ្នំពេញ។ កាលពីខែធ្នូ ឆ្នាំ២០១៩ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២០ ទើបក្រុមគ្រួសារទៅយកជនសង្ស័យត្រឡប់មកផ្ទះវិញ ដោយជនសង្ស័យមានសភាពធម្មតា ។ 

លុះមកដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ជនសង្ស័យមានអាការ:ប្រែប្រួលរវើរវាយ ហើយបានមកដាស់ឪពុកដែលកំពុងដេក ដោយនិយាយថា «ប៉ាឯងឱ្យខ្ញុំមកដាស់ទេ» រួចក៏ទៅកន្លែងខ្លួនដេកវិញ។ រហូតដល់ថ្ងៃទី៣១ ខែមីនាឆ្នាំ ២០២០ វេលាម៉ោង៨យប់ ជនសង្ស័យបានចូលដេកផ្ទះជាមួយឪពុកម្ដាយដូចសព្វដង ដល់វេលាម៉ោង៤និង១៥នាទីទៀបភ្លឺ ចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ (ជនរងគ្រោះកំពុងដេកក្នុងផ្ទះ)។

ពេលនោះជនសង្ស័យបានយកកាំបិតប៉័ងតោនៅផ្ទះបាយមកអារកជនរងគ្រោះផ្នែកខាងឆ្វេង បណ្ដាលឱ្យមានរបួសហូរឈាមជាច្រើន ហើយជនរងគ្រោះក៏បានស្រែកហៅឱ្យកូនជួយហើយយកទៅគ្លីនិកឯកជន២៤ម៉ោង មុខផ្សារព្រែកអញ្ចាញ។ ចំណែកជនរងគ្រោះឈ្មោះ ហ៊ីម រ៉ហ៊ីម៉ាស់ ក៏បានមកបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលព្រែកអញ្ចាញ ដើម្បចាត់ការតាមច្បាប់ ។

ក្រោយពីទទួលបានបណ្ដឹងខាងលើ កម្លាំងប៉ូលិសជំនាញយុត្តិធម៌ស្រុក និងប៉ូលិសប៉ុស្តិ៍រដ្ឋបាលព្រែកអញ្ចាញ បានចុះទៅកន្លែងកើតហេតុហើយបាននាំខ្លួនជនសង្ស័យមកធ្វើការសាកសួរនៅអធិការដ្ឋានស្រុក ។ 

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា «ខ្លួនពិតជាបានយកកាំបិតតាំងតោអារកជនរងគ្រោះដែលជាឪពុកបង្កើត បណ្ដាលឱ្យមានរបួសស្នាមធ្ងន់ធ្ងរពិតប្រាកដមែន» ៕

adverise with khmeread