ឃាត់បុរស២នាក់ ជាប់ចោទពីបទ អំពើលួច​ និងទទួលផលចោរកម្ម

កណ្ដាល ៖ ជនសង្ស័យ២នាក់ដែលលក់ម៉ូតូបន្តគ្នាពីការលួចម៉ូតូដែលជនបរទេសជួល ត្រូវប៉ូលិស ស្រុកកោះធំឃាត់ខ្លួន នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១១ និង ៣០នាទីស្ថិតត្រង់ចំណុចកើតហេតុ ផ្ទះឈ្មោះ​ ញាន​ រស់ ភូមិកំពង់សំបួលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាលជាប់ចោទពីបទ អំពើលួច​ និងទទួលផលចោរកម្ម។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ព្រំ​ ចាន់ថន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិ៤​ សង្កាត់ទំនប់ទឹក​ ខណ្ឌចម្ការមន​ រាជធានីភ្នំពេញ​ មុខរបរ​ ជាងជួសជុលម៉ូតូ។ ចំណែកជនសង្ស័យ ០២នាក់រួមមាន ១-ឈ្មោះ ហេង​ គឹមហុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី​ ស្រុកកោះធំ​ ខេត្តកណ្ដាល​ មុខរបរ កសិករ(ឃាត់ខ្លួន)និង ២-ឈ្មោះ​ ញាន​ រស់​ ភេទប្រុស​ អាយុ​ ៣៤ឆ្នាំ​ជនជាតិខ្មែរ​ មានទីលំនៅៗភូមិ​កំពង់​សំបួលើ​ ឃុំព្រែកថ្មី​​ ស្រុកកោះធំ​ ខេត្តកណ្ដាល​ មុខរបរ​កសិករ​(ឃាត់​ខ្លួន​)។វត្ថុតាងចាប់យក ម៉ូតូ​ ០១គ្រឿង​ ម៉ាក​ Honda Wave 100 ពណ៌ខ្មៅ​ ពាក់​ស្លាកលេខក្លែងក្លាយលេខ​ ភ្នំពេញ​ 1F-1314។

ប៉ូលិសបន្តថា កាលពី​ថ្ងៃទី​០៥​ ខែ​មីនា​ ឆ្នាំ​២០២០​ ជនរងគ្រោះ​ព្រំ​ ចាន់ថន​ បានជួលម៉ូតូ​ ០១គ្រឿង​ ម៉ាក​ Honda Wave 100 ពណ៌ខ្មៅ​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 1AH-1697 ទៅឱ្យជនបរទេសម្នាក់​ ក្នុងតម្លៃ​ ៦០ដុល្លារអាមេរិក​ ក្នុងមួយខែ។ លុះនៅថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ​២០២០​ វេលាម៉ោង​៤ល្ងាច​ ជនបរទេសដែលបានជួលម៉ូតូខាងលើ បានមកប្រាប់ជនរងគ្រោះថា​ ម៉ូតូ​ដែលខ្លួន​បានជួលនោះត្រូវចោរលួចបាត់ហើយ។ 

ក្រោយមកជនរងគ្រោះបានស្វែងរកម៉ូតូរបស់ខ្លួន​ តាមរយ:ប្រព័ន្ធ​GPS ដាក់ក្នុងម៉ូតូនោះ​ ឃេីញនៅចំណុចភូមិកំពង់សំបួលេី​ ឃុំព្រែកថ្មី​ ស្រុកកោះធំ​ ខេត្តកណ្ដាល​ ។ ក្រោយពីដឹងទីតាំងម៉ូតូហេីយ​ ជនរងគ្រោះ​ក៏បានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋានប៉ូលិសស្រុកកោះធំ​ តែម្ដង។ 

បន្ទាប់ពីទទួលបានបណ្ដឹងភ្លាម​ កម្លាំង​ប៉ូលិស​ស្រុក​ និងប៉ូលិសប៉ុស្តិ៍​រដ្ឋបាលព្រែកថ្មី​ រួមជាមួយជនរងគ្រោះ​ បានចុះស្រាវជ្រាវស្វែករកឃើញម៉ូតូ​ ០១គ្រឿង​ ដែលបានបាត់ខាងលើនៅចំណុចផ្ទះជនសង្ស័យ​ ញាន​ រស់​ នៅវេលាម៉ោង​ ១១​ និង​ ៣០នាទី​ ថ្ងៃទី​០១​ ខែមេសា​ ឆ្នាំ​២០២០​ ហើយក៏បាននាំខ្លួនឈ្មោះ​ ញាន​ រស់​ និងវត្ថុតាងម៉ូតូខាងលើ​ មកកាន់​អធិការដ្ឋាននគរបាលស្រុកកោះធំ​។

តាមចម្លើយសារភាពរបស់ឈ្មោះ​ ញាន​ រស់​ បានសារភាពថា​ ខ្លួនបានទិញម៉ូតូខាងលើ នេះដោយគ្មានលិខិតស្នាម​ ឬឯកសារម៉ូតូអ្វីទាំង​អស់​ ពីបុរសម្នាក់ពុំស្គាល់ឈ្មោះ​ តាមរយៈឈ្មោះ​ ហេង​ គឹមហុង​ ជាអ្នកទំនាក់ទំនងរកទិញឱ្យ។

ក្រោយមកប៉ូលិស​បានបន្តធ្វើការឃាត់ខ្លួនឈ្មោះ​ ហេង​ គឹមហុង​ យកមកកាន់អធិការដ្ឋាន​ ដើម្បីសាកសួរ។នៅចំពោះមុខនគរបាល​ ឈ្មោះ​ ហេង​ គឹមហុង​ បានសារភាពថា​ ខ្លួនពិតជាបានទំនាក់ទំនង​ឱ្យឈ្មោះ​ ញាន​ រស់​ បានទិញម៉ូតូ​០១គ្រឿង​ខាងលើ​ ពីបុរសម្នាក់ឈ្មោះ​ រិន​ ដែលជាអ្នកស្គាល់គ្នា រស់នៅស្រុកកណ្ដាលស្ទឹង​ ខេត្តកណ្ដាល​​ ដោយម៉ូតូនោះគឺគ្មានកាតគ្រី​ ហើយពេលទិញ​ លក់​ ក៏ពុំមានធ្វើលិខិតស្នាមអ្វីដែរ​។ ក្រោយពីលក់បានប្រាក់ហើយ​ ខ្លួនបានប្រាក់នឿយហត់(កុំមុយស្យុង)​ ចំនួន​ ១០ដុល្លា​រពីឈ្មោះ​ រិន ហើយក្រោយពីលក់បានលុយ ក៏ត្រឡប់ទៅវិញបាត់ទៅ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាងម៉ូតូជនរងគ្រោះបានឃាត់ខ្លួននៅ អធិការដ្ឋានប៉ូលិសស្រុកដើម្បីចាត់តាមនីតិវិធី៕

adverise with khmeread