អាមេរិកថាចិនលាក់បាំងការពិតអំពីជំងឺកូវីដ១៩, ចិនថាខ្ជិលឈ្លោះជាមួយអាមេរិក

ក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី ២ មេសាថា មន្រ្តីអាមេរិកកំពុងធ្វើអត្ថាធិប្បាយ "ឥតអៀនខ្មាស់" ដែលដាក់ការសង្ស័យអំពីការរាយការណ៍របស់ចិនអំពីករណីឆ្លងកូវីដ១៩នៅក្នុងប្រទេសចិន។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បានបញ្ជាក់ជាថ្មីនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថាចិនបានបើកចំហនិងមានតម្លាភាពអំពីការផ្ទុះឡើងនៃវីរុសកូរ៉ូណាដែលបានចាប់ផ្តើមនៅក្នុងប្រទេសចិនកាលពីចុងឆ្នាំមុនហើយនិយាយថាអាមេរិកគួរតែបញ្ឈប់ការធ្វើនយោបាយលើបញ្ហាសុខភាព ហើយផ្ទុយទៅវិញគួរផ្តោតលើសុវត្ថិភាពប្រជាជនខ្លួនល្អជាង។

លោកស្រី Hua Chunying បានប្រាប់សន្និសីទសារព័ត៌មានជាប្រចាំនៅទីក្រុងប៉េកាំងថា "មន្ត្រីអាមេរិកមួយចំនួនគ្រាន់តែចង់បង្វែរការស្តីបន្ទោស។ ពិតណាស់ យើងមិនចង់ឈ្លោះប្រកែកជាមួយពួកគេទេ ប៉ុន្តែពេលប្រឈមនឹងការវិភាគបែបនេះនិងការនិយាយបង្កាច់បង្ខូចអសីលធម៌ដោយពួកគេ ខ្ញុំមានអារម្មណ៍ថាត្រូវចំណាយពេលខ្លះនិងបញ្ជាក់ការពិតម្តងទៀត"។

លោកស្រីបានធ្វើការឆ្លើយតបបែបនេះទៅនឹងរបាយការណ៍របស់សារព័ត៌មាន Bloomberg ដែលនិយាយថាសហគមន៍ស៊ើបការណ៍សម្ងាត់របស់អាមេរិកបានសន្និដ្ឋាននៅក្នុងរបាយការណ៍ដែលបានចែកជូនទៅសេតវិមានថា របបក្រុងប៉េកាំងមិនបានរាយការណ៍ពិតប្រាកដទាំងអំពីករណីឆ្លងសរុបនិងករណីស្លាប់សរុបដោយសារជំងឺកូវីដ១៩នោះទេ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយកាលពីថ្ងៃពុធទី ១ មេសាថា ស្ថិតិអំពីវីរុសកូរ៉ូណា ដែលចិនរាយការណ៍ហាក់ ដូចជា "រាងស្រាលពេក" ខណៈដែលទីប្រឹក្សាសន្តិសុខជាតិរបស់លោកនិយាយថារបបក្រុងវ៉ាស៊ីនតោនគ្មានផ្លូវដឹងថាតើតួលេខរបស់ក្រុងប៉េកាំងមានភាពត្រឹមត្រូវឬអត់នោះទេ៕ ប្រភព៖ straitstimes និង dailymail

adverise with khmeread