បុរសម្នាក់និងចំនួន១៣៨កញ្ចប់ ត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនទៅតុលាការ

ភ្នំពេញ ៖ បុរសម្នាក់ដែលបានប្រើបច្ចេកទេសវេចខ្ចប់ថ្នាំញៀននឹងលុយក្រដាស់១០០រៀលចំនួន១៣៨កញ្ចប់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅកាន់តុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ។

មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យ ឈ្មោះ កាំង គីមហុង ភេទប្រុស អាយុ៤០ឆ្នាំ ត្រូវបាន កម្លាំងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនកាលពី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៥ល្ងាច នៅចំណុច បន្ទប់ជួលគ្មានលេខ ផ្លូវលំ  ភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។ សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន ១-ក្រាមពណ៌សថ្លា ១៣៨ កញ្ចប់ស្មើនឹង ៧៥,០៩ ក្រាម, ២-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ០១គ្រឿង និង៣-សម្ភារៈសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

មន្ត្រីដដែលបន្តថា ជនសង្ស័យរូបនេះ បានប្រើបច្ចេកទេសវៃឆ្លាត ចរាចរណ៍ថ្នាំញៀនដោយវេចខ្ចប់នៅក្នុងក្រដាស់ប្រាក់លាក់បាំងភ្នែកសមត្ថកិច្ច អស់រយៈពេលជាយូរមកហើយ។ តែដោយវិធានការជំនាញ របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌពោធិ៍សែនជ័យ បានតាមដានស្រាវជ្រាវ ដឹងពីល្បិចកល របស់ជនល្មើសរហូតឈានដល់ការបង្ក្រាបជាក់ស្តែង និងបញ្ជូនឱ្យការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់តែម្តង៕


 

adverise with khmeread