បុរសអាមេរិកាំងម្នាក់ដែលលាបទឹកមាត់ដាក់លុយទុកនៅទូATMបានបញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍

ភ្នំពេញ ៖ ប៉ូលិសការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីរាជធានីភ្នំពេញ បានបញ្ជូនជនបរទេសម្នាក់ ទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២រសៀល បន្ទាប់ពីបានធ្វើសកម្មភាពលាបទឹកមាត់ដាក់លុយទុកនៅទូ ATM មួយចំនួនក្នុងរាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា ជនបរទេសឈ្មោះ LEWIS JEFFREY COOK ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិអាមេរិក ត្រូវបានទទួលឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១រសៀលជនបរទេស ឈ្មោះ LEWIS JEFFREY COOK ពីមណ្ឌលសុខភាពចាក់អង្រែ ពីបទសង្ស័យមាន មេរោគកូវីដ-១៩ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។ 

បន្ទាប់ពីធ្វើការសាកសួរដឹងថា ជននេះចូលមកព្រះរាជាណាចក្រកម្ពុជាជាច្រើនដង លើកចុងក្រោយនៅខែមករា ឆ្នាំ២០២០ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងទេសចរណ៍ ស្នាក់នៅផ្ទះសំណាក់មានលាភ២។ 

ប៉ូលិសបន្តថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ជននេះបានចូលទៅក្នុងទូដកប្រាក់ (ATM) មួយចំនួន នៅរាជធានីភ្នំពេញ ហើយបានយកលុយក្លែងក្លាយដែលមានសរសេរពីសាសនាព្រះយ៊េស៊ូ ដោយស្ដោះទឹកមាត់ដាក់ និងយកទុកលើទូដកប្រាក់ (ATM)។

ក្រោយមកកម្លាំងសមត្ថកិច្ចចម្រុះ បានឃាត់ខ្លួនបញ្ជូនទៅ មណ្ឌលសុខភាពចាក់អង្រែ ដើម្បីតាមដានជំងឺ រហូតដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ លទ្ធផលរបស់មន្ទីរពិសោធន៍ប៉ាស្ទ័រ ការពិនិត្យទទួលបានលទ្ធផលអវិជ្ជមាន និងបានពិនិត្យ ទឹកនោមរកសារធាតុញៀន ជាលទ្ធផលអវិជ្ជមាន។ 

គួររម្លឹកថា ជននេះធ្លាប់ជាប់ពន្ធនាគារ ចំនួន០២ដង នៅសហរដ្ឋអាមេរិក លើកទី១ នៅឆ្នាំ១៩៩១ រយៈពេល១៦ខែ ពីបទ ដុតបំផ្លាញព្រៃឈើនៅរដ្ឋកាលីហ្វញ៉ា  និង លើកទី២ ឆ្នាំ២០០៧ រយៈពេល ០១ខែ នៅរដ្ឋវ៉ាស៊ីនតោន។ បច្ចុប្បន្នគ្មានលិខិត ឆ្លងដែនជាប់នឹងខ្លួន (លិខិតឆ្លងដែន ជននេះបានយកទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តទិដ្ឋាការស្នាក់នៅ)។

ប៉ូលិសសន្និដ្ឋានថា ជនបរទេសរូបនេះមានចេតនាបំពុលសភាពការណ៍សង្គម ក្នុងខណៈពិភពលោកកំពុងនាំគ្នាប្រយុទ្ធប្រឆាំង ការពារ ការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយពុំមានការសហការល្អ ជាមួយសមត្ថកិច្ចកម្ពុជា៕

adverise with khmeread